Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យ និងវាយតម្លៃមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន «កែវ ស៊ីនួន»
ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៦

ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃការអនុវត្តការងាររបស់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន «កែវ ស៊ីនួន» ស្ថិតនៅខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា ក្រសួងសុខាភិបាល និងគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នឹងបន្តរៀបចំវគ្គបណ្តុះបណ្តាលដល់រដ្ឋបាលរាជធានី ខេត្ត មន្ទីរសុខាភិបាល មន្ទីរសង្គមកិច្ច និងអ្នកគ្រប់គ្រងមជ្ឈមណ្ឌលរដ្ឋ និងឯកជន ដើម្បីធានាឱ្យការរៀបចំ និងដំណើរការមជ្ឈមណ្ឌល ស្របតាម និយាមនីតិវិធីសម្រាប់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការដាក់ឱ្យអនុវត្តនិយាមនីតិវិធីនេះ គឺជាជំហានសំខាន់មួយនៃការកែទម្រង់ប្រព័ន្ធព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅកម្ពុជា ដោយផ្តោតលើវិធីសាស្ត្រផ្អែកលើវិទ្យាសាស្ត្រ សិទ្ធិមនុស្ស និងប្រសិទ្ធភាពជាក់ស្តែង។ ការកែទម្រង់នេះនឹងជួយលើកកម្ពស់គុណភាពសេវា កាត់បន្ថយការចំណាយមិនចាំបាច់ និងជៀសវាងការប្រើវិធីសាស្ត្របង្ខាំងដែលមិនមានប្រសិទ្ធភាពក្នុងការកែប្រែឥរិយាបថ និងជួយស្តារអ្នកញៀនគ្រឿងញៀន ឱ្យវិលត្រឡប់ទៅរស់នៅក្នុងសង្គមបានប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានផលិតភាព។

សូមបញ្ជាក់ថា គណៈប្រតិភូមានសមាសភាពពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងរដ្ឋបាលខេត្តបាត់ដំបង មន្ទីរសុខាភិបាល និងមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង។

ការវាយតម្លៃនេះត្រូវបានអនុវត្តដោយប្រើបញ្ជីពិនិត្យផ្ទៀងផ្ទាត់ស្តីពីការបង្កើត ការគ្រប់គ្រង និងស្តង់ដារនៃមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16