Cambodia
ព័ត៌មានលំអិត

Image
កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី ស្តីពីរបួសខួរក្បាលដោយការប៉ះទង្គិច នៅមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩
ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៦

ទីក្រុងហ្សឺណែវ៖​ នាថ្ងៃទី១៨​ ខែឧសភា ​ឆ្នាំ​២០២៦​ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី ស្តីពី “ភាពជាអ្នកដឹកនាំជាតិ និងការប្តេជ្ញាចិត្តជាសកលលើប្រធានបទ របួសខួរក្បាលដោយការប៉ះទង្គិច (Traumatic Brain Injury)”។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងក្របខ័ណ្ឌនៃសន្និបាតសុខភាពពិភពលោកលើកទី៧៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋមន្ត្រីមកពីប្រទេសហ្គាតេម៉ាឡា អ៊ីតាលី ប៉ាគីស្ថាន និងតង់ហ្សានី។

នៅក្នុងកិច្ចពិភាក្សា ឯកឧត្តមសាស្ត្រាចារ្យ បានលើកឡើងថា របួសខួរក្បាលដោយការប៉ះទង្គិច គឺជាបញ្ហាប្រឈមដ៏សំខាន់ផ្នែកវេជ្ជសាស្ត្រ សេដ្ឋកិច្ច និងសង្គម ហើយកំពុងមាននិន្នាការកើនឡើងនៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តមសាស្រ្តាចារ្យ បានគូសបញ្ជាក់ពីអាទិភាពជាតិរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហានេះ តាមរយៈវិធានការសំខាន់ៗដូចជា៖​ ១)​ ការផ្សព្វផ្សាយឱ្យប្រជាជនយល់ដឹងអំពីសារៈសំខាន់នៃការពាក់មួកសុវត្ថិភាពឲ្យកាន់តែប្រសើរ​ ២) ការអនុវត្តច្បាប់សុវត្ថិភាពចរាចរណ៍​ ៣)​ ការពង្រឹងប្រព័ន្ធថែទាំមុនចូលមន្ទីរពេទ្យ និងប្រព័ន្ធសង្គ្រោះបន្ទាន់​ ៤)​ ការស្តារសមត្ថភាពពលកម្ម រួមជាមួយការថែទាំរយៈពេលវែង​ និង​ ៥)​ ការវិនិយោគជាបន្តបន្ទាប់លើធនធានមនុស្ស ក្នុងជំនាញវះកាត់សរសៃប្រសាទ ការវះកាត់របួស និងការសង្គ្រោះកម្រិតធ្ងន់ធ្ងរ។

ជាចុងក្រោយ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រភាពជាដៃគូសកល ដើម្បីកាត់បន្ថយបន្ទុកនៃរបួសខួរក្បាលដោយការប៉ះទង្គិច ដែលបណ្តាលឱ្យមានការស្លាប់អាចការពារបាន និងពិការភាពរយៈពេលវែង៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9