នៅទីក្រុងហ្សឺណែវ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្នុងព្រឹត្តិការណ៍អមនៃសន្និបាតសុខភាពពិភពលោកលើកទី៧៩ លោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា បានទទួលជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) រួមមាន Dr. Pascale Allotey ប្រធាននាយកដ្ឋាន Reproductive, Maternal, Child, Adolescent Health and Ageing (LHR) និង Reproduction Programme (HRP), Dr. Sheri Bastien និងDr. Ulrika Rehnström Loi ព្រមទាំងសហការីពីទីស្នាក់ការកណ្តាលអង្គការ WHO នៅទីក្រុងហ្សឺណែវ។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការអបអរសាទរចំពោះ Dr. Pascale Allotey ដែល WHO នឹងរៀបចំរចនាសម្ព័ន្ធ នាយកដ្ឋានសុខភាពផ្លូវភេទ បន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងវ័យចាស់ (LHR) នាពេលថ្មីៗនេះ។ ប្រទេសកម្ពុជា សូមកោតសរសើរខ្ពស់ ចំពោះការកំណត់អាទិភាពយុទ្ធសាស្ត្រឡើងវិញរបស់អង្គការ WHO និងការដាក់ចេញនូវវិធីសាស្ត្រគិតគូរពីសុខភាព និងការបន្តពូជមួយជីវិត (Holistic, life-course approach)។ បន្ថែមលើនេះ កម្ពុជាមានកិត្តិយសយ៉ាងក្រៃលែងដែលត្រូវបានជាប់ឆ្នោតជាសមាជិកនៃ គណៈកម្មាធិការគោលនយោបាយ និងសម្របសម្រួល (Policy and Coordination Committee, PCC) និងកម្មវិធីស្រាវជ្រាវ អភិវឌ្ឍ និងការបណ្តុះបណ្តាលផ្នែកបន្តពូជមនុស្ស (HRP) របស់អង្គការសហប្រជាជាតិHRP ដែលនេះជាឱកាសដ៏សំខាន់ ក្នុងការលើកកម្ពស់ការស្រាវជ្រាវលើសុខភាពផ្លូវភេទ និងបន្តពូជ និងសិទ្ធិ Sexual and Reproductive Health (SRH) ទាំងកម្រិតជាតិ និងតំបន់។
កិច្ចប្រជុំ បានផ្តោតការពិភាក្សាលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៣ ដោយកម្ពុជាស្នើសុំការគាំទ្រផ្នែកបច្ចេកទេសបន្ថែមពី WHO និង HRP រួមមាន៖ ១) ការពង្រឹងគុណភាពនៃការថែទាំសុខភាពជាបន្តបន្ទាប់ ២) ការពង្រីកសេវាសុខភាពផ្លូវភេទ និងបន្តពូជ (SRH) និងសុខភាពយុវវ័យ ៣) ការលើកកម្ពស់សុខភាពមាតា និងអាហារូបត្ថម្ភ។