Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាលកម្ពុជា ជួបប្រជុំទ្វេភាគីជាមួយ លោកវេជ្ជបណ្ឌិត William Steiger ប្រធានប្រតិបត្តិអង្គការ Malaria No More ក្នុងឱកាសមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៦

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាលកម្ពុជា ជួបប្រជុំទ្វេភាគីជាមួយ លោកវេជ្ជបណ្ឌិត William Steiger ប្រធានប្រតិបត្តិអង្គការ Malaria No More ក្នុងឱកាសមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើករំលេចពីទិសដៅចម្បងៗ នៃរាជរដ្ឋាភិបាល អំពីអាទិភាពសុខាភិបាល និងការប្តេជ្ញាចិត្តរបស់កម្ពុជា ចួលរួមការពារសុខភាព និងសុខុមាលភាពសាកល ដោយផ្តើមជាឧទាហរណ៍គំរូក្នុងកម្ពុជា និងតំបន់ ដែលបានស្តែងចេញជាសមិទ្ធិផល ដូចជាការប្រយុទ្ធជំងឺឆ្លងកូវីដ៍១៩ ជំងឺរបេង ជំងឺអេដស៍ ជំងឺគ្រុនចាញ់ ជាដើម ដោយយកមកចែករំលែកជាបន្តបន្ទាប់ក្នុងវេទិការអន្តរជាតិ ដូចជាក្នុងមហាសន្និបាតសុខភាពពិភពលោក។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានឆ្លុះបញ្ចាំងផ្តល់ជូនបទពិសោធន៍កម្ពុជា ដែលកំពុងអនុវត្តន៍ ក្នុងនោះរួមមាន ១) ភាពជាអ្នកដឹកនាំរឹងមាំ ២) អន្តរាគមន៍ឈរលើភស្តុតាងវិទ្យាសាស្ត្រ ៣) ការរស់នៅជាមួយសហគមន៍ ខិតខំនាំសហគមន៍ចូលរួម ដែលបង្ហាញពីភាពជាម្ចាស់របស់ខ្លួនពិតប្រាកដ និង៤) ការនាំឱ្យមានការជឿទុកចិត្ត និងការខិតខំថែរក្សាទំនាក់ទំនងទំនុកចិត្តនេះ៕

នាជំនួបទ្វេភាគី លោកវេជ្ជបណ្ឌិត William Steiger ប្រធានប្រតិបត្តិអង្គការ បានសំដែងអំណរគុណ និងកោតសរសើរកម្ពុជា ខណៈត្រៀមខិតជិតការលុបបំបាត់ជំងឺគ្រុនចាញ់ និងការស្លាប់ដោយជំងឺគ្រុនចាញ់ទាំងស្រុងនៅកម្ពុជា។ លោកវេជ្ជបណ្ឌិត William Steiger បានជម្រាបពីស្ថានភាពកម្ពុជាក្នុងអតីតកាលទស្សវតន៍ ២០០០ ដែលជីវិតរាប់មុឺននាក់ត្រូវបានសម្លាប់ដោយជំងឺគ្រុនចាញ់ ហើយដែលចាប់ពី២០១៨ មិនមានករណីស្លាប់ដោយសារជំងឺ ដែលនេះពិតជាអច្ឆរិយនៃការខិតខំរបស់រដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ការប្តេជ្ញាចិត្តខ្ពស់ គាំទ្រនយោបាយសុខាភិបាយមួយ ដែលដើរលើផ្លូវសំដៅលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងការការពារអាយុជីវិតប្រជាជនកម្ពុជា។ លោកវេជ្ជបណ្ឌិតប្រធានប្រតិបត្តិ ក៏បានគោរពស្នើសុំ ការអនុញ្ញតពី​ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី​ យកបទពិសោធន៍ដ៏ល្អនៃការប្រយុទ្ធប្រឆាំង និងឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា ទៅផ្សព្វផ្សាយដល់ប្រជាជនអាមេរិក ឱ្យបានជ្រាប ដោយស្នើសុំអ្នកជំនាញសុខាភិបាលកម្ពុជា ចូលរួមជាមួយលើវេទិការផ្សព្វផ្សាយនេះ។

សូមជម្រាបជូ​នថា អង្គការ Malaria No More ដែលជាអង្គការមិនរកប្រាក់ចំណេញសកលមួយ មានបេសកកម្មក្នុងការលុបបំបាត់ជំងយគ្រុនចាញ់នៅទូទាំងពិភពលោក តាមរយៈការចល័តធនធាន ការផ្សព្វផ្សាយ និងការគាំទ្រគោលនយោបាយផ្អែកលើភស្តុតាង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8