រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធាន នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពរទ្យគន្ធបុប្ផា និងប្រគល់-ទទួលថវិកាបរិច្ចាគ ពីក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា។
ពិធិនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកជំទាវ អ៊ឹម ប៉ូលីកា អូនព័ន្ធមុនីរ័ត្ន លោកជំទាវ យ៉េត ម៉ូលីន កើតរិទ្ធ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត។
ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ជីប ម៉ុង ដែលបានចូលរួមបរិច្ចាគចំនួន ១លានដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ (វត្តភ្នំ) និងចូលរួមអបអរសាទរ ព្រមទាំងជូនពរទារក និងកុមារ តាមរយៈការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសកកម្មជួយសង្រ្គោះជីវិតទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព សមធម៌ និងប្រសិទ្ធភាព។
ជាកិច្ចបន្ទាប់ លោកជំទាវបណ្ឌិត បានអញ្ជើញទៅពិនិត្យ និងសួរសុខទុក្ខកុមារ មានអាយុចាប់ពី ១ឆ្នាំ ដល់១៥ឆ្នាំ ចំនួន ២១នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺមហារីកផ្សេងៗ។ ក្នុងនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វែងយល់និងអបអរសាទរដោយសេចក្តីកោតសរសើរ ចំពោះក្រុមគ្រូពេទ្យជំនាញផ្នែកមហារីកកុមារនៅមន្ទីរពេទ្យកុមារគន្ធបុប្ផា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគោរពបញ្ជាក់បន្ថែមជូនលោកជំទាវបណ្ឌិត បានជ្រាបដ៏ខ្ពង់ខ្ពស់អំពីអាទិភាពនៃការវិនិយោគលើវិស័យសុខាភិបាល៖ «បើយើងមិនវិនិយោគថ្ងៃនេះ ១០លានដុល្លារ យើងនឹងខាតបង់ រាប់រយពាន់លានដុល្លារ ក្នុងរយៈពេល ២០-៣០ឆ្នាំក្រោយ»។
ជាចុងក្រោយ លោកជំទាវបណ្ឌិតប្រធានកិត្តិយស ក៏បានជូនពរដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី គណៈគ្រប់គ្រង គ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផា សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ជាពិសេស តាមរយៈការបរិច្ចាគថវិកានេះ និងការខិតខំប្រឹងប្រែងពីសំណាក់គណៈគ្រប់គ្រង គ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកក្នុងបេសកកម្មសង្រ្គោះជីវិតទារក និងកុមារ នាពេលកន្លងមក សូមតាមថែរក្សាបងប្អូនជនរួមជាតិ និងក្រុមគ្រួសារ ជួបប្រទះតែសេចក្តីសុខចម្រើន និងសុភមង្គល។