រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងក្រុមការងារក្រសួងសុខាភិបាល បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយផែនការរយៈពេលប្រាំឆ្នាំ ដំណាក់កាលទីពីរ ២០២៦-២០៣០ ក្រោមអធិបតីភាពឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ជ.អ.ប.។
ក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយនេះ ផងដែរ ក៏មានការអញ្ជើញចូលរួមជាអធិបតី របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងប្រកាសផ្សព្វផ្សាយ «ផែនការអនុវត្តរយៈពេលប្រាំឆ្នាំ ដំណាក់កាលទីពីរ» ដែលនឹងអនុវត្តពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។ ផែនការអនុវត្តរយៈពេលប្រាំឆ្នាំដំណាក់កាលទីពីរនេះ ជាឯកសារដ៏មានសារៈសំខាន់ សម្រាប់ឆ្ពោះទៅសម្រេចគោលបំណងនៃកម្មវិធីជាតិទី២ «ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ប្រកបដោយបរិយាបន្ន និងសមធម៌សង្គម» ស្របតាមគោលការណ៍ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។
ផែនការអនុវត្តរយៈពេលប្រាំឆ្នាំនេះ ត្រូវបានបែងចែកជា៥សមាសភាគសំខាន់ៗរួមមាន៖(១)ការដឹកនាំ និងការសម្របសម្រួលការងារកំណែទម្រង់ (២)រចនាសម្ព័ន្ធនិងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ (៣)ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស (៤)វិមជ្ឈការហិរញ្ញវត្ថុ និងប្រព័ន្ធផែនការ និងថវិការបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ និង(៥)ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។
ក្នងសិក្ខាសាលានោះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មកពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ អភិបាល រាជធានី ខេត្ត រដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល អញ្ជើញចូលរួមផ្ទាល់សរុបប្រមាណ ៣០០រូប និងចូលរួមតាមប្រព័ន្ធនិម្មិតសរុបប្រមាណជាង ៩០០០រូប។