រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជំនួបពិភាក្សាការងារកម្រិតខ្ពស់ជាមួយគណៈប្រតិភូនាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោកជំទាវ Lisa Wright នាយកប្រតិបត្តិប្តូរវេន (Alternate Executive Director), ប្រធាននាយកដ្ឋានតំបន់អាស៊ីអគ្នេយ៍ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រក្នុងការលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា។
ជំនួបដ៏មានសារៈសំខាន់នេះ គឺជាការបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត និងចក្ខុវិស័យរួមឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព ដោយបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនូវការងាររបស់ក្រសួងសុខាភិបាល ទៅនឹង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ធនាគារ ADB។
តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធកន្លងមក រាជរដ្ឋាភិបាលកម្ពុជា និងធនាគារ ADB បានរួមចំណែកយ៉ាងធំធេងក្នុងការកែប្រែមុខមាត់ប្រព័ន្ធសន្តិសុខសុខភាពជាតិ។ វឌ្ឍនភាពទាំងនេះ គឺជាផ្លែផ្កានៃការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការបង្កើនការវិនិយោគលើវិស័យសុខាភិបាល និងសមត្ថភាពរបស់ក្រសួងក្នុងការអនុវត្តគម្រោងនានាប្រកបដោយប្រសិទ្ធភាព តម្លាភាព តាមរយៈការធ្វើទំនើបកម្មមន្ទីរពេទ្យបង្អែក ការពង្រឹងមន្ទីរពិសោធន៍ និងការពង្រីកបណ្តាញសង្គ្រោះបន្ទាន់នៅទូទាំងប្រទេស។
សម្រាប់ជំហានបន្ទាប់ ក្រសួងសុខាភិបាលកំពុងរៀបចំផែនការយុទ្ធសាស្ត្រមុតស្រួច ដើម្បីធានាថាការវិនិយោគរបស់ធនាគារ ADB នឹងបម្រើផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋ តាមរយៈការសម្រេចឱ្យបាននូវ ការគ្របដណ្តប់សុខភាពជាសកល (UHC) ដោយផ្តោតលើចំណុចស្នូលរួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ, ការធ្វើទំនើបកម្មសុខាភិបាលឌីជីថល និងការលើកកម្ពស់សមធម៌សុខភាពនៅតំបន់ព្រំដែន។
ក្រសួងសុខាភិបាល ចាត់ទុកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មិនត្រឹមតែជាដៃគូអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មិនអាចខ្វះបាន ក្នុងការការពារសុខុមាលភាពប្រជាជនពីជំងឺឆ្លង និងការគំរាមកំហែងនានា ដើម្បីកសាងធនធានមនុស្សដ៏រឹងមាំ ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានចំណូលខ្ពស់នាពេលអនាគត។