Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «ត្រូវមានស្មារតីបុរេសកម្ម នវានុវត្តន៍ ដោយរក្សានិរន្តរភាពការងារចាស់ និងបង្កើនថ្មី ផ្ដោតលើការងារអាទិភាព»
ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ ប្រចាំខែឧសភា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីជំនាញ ត្រូវបន្តតាមដាន និងយកចិត្តទុកដាក់ខ្ពស់ពីជំងឺឆ្លង ដែលជាបញ្ហាសុខភាពសាធារណៈ ដែលកំពុងមានការចម្លងនៅបណ្តាប្រទេសមួយចំនួន។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំបន្ថែម ដោយត្រូវបង្កើនការតាមដានសភាពការណ៍ ក្នុងការត្រៀមលក្ខណៈ ឆ្លើយតបឱ្យបានទាន់ពេលវេលា និងអនុវត្តវិធានការសុខាភិបាល នៅតាមច្រកចេញចូលទាំងផ្លូវគោក ទឹក និងផ្លូវអាកាស ស្របតាមស្ថានភាពពិភពលោក។
 
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវខិតខំយកចិត្តទុកដាក់ ពិនិត្យវឌ្ឍនភាពការកែលម្អមន្ទីរពេទ្យបង្អែកស្រុក ដើម្បីពង្រឹងសមត្ថភាពបន្ថែមផ្នែកសង្រ្គោះបន្ទាន់ ការបំពាក់សម្ភារបរិក្ខារវេជ្ជសាស្រ្ត និងការបណ្តុះបណ្តាលបច្ចេកទេស ព្រមទាំងប្រព័ន្ធបញ្ជូន ដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ហើយនៅកៀកជិតប្រជាពលរដ្ឋ។
 
ឯកឧត្តមសាស្រ្តាចារ្យ បានគូសរំលឹកដល់ថ្នាក់ដឹកនាំគ្រប់មន្ទីរពេទ្យទាំងអស់ ត្រូវមានការចុះឱ្យបានជាប់ជាប្រចាំ ក្នុងការដឹងពីស្ថានភាព និងការវិវត្តជំងឺឱ្យកាន់តែច្បាស់លាស់ ជាពិសេសអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវដឹកនាំ ពិភាក្សា សហការគ្នាជាមួយផ្នែកបច្ចេកទេស ដើម្បីធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលា។
 
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ បានជម្រាបដល់អង្គប្រជុំពីលទ្ធផលនៃការចូលរួម ក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដែលមានសមាជិក ១៨៥ប្រទេសចូលរួម បានប្រព្រឹត្តទៅក្រោមប្រធានបទ «ការកែទម្រង់សុខភាពសកល៖ ចែករំលែកការទទួលខុសត្រូវ (Reshaping Global Health: A Shared Responsibility) បានផ្តោតសំខាន់លើ៖ ការបម្រើសេវាសុខភាព ការពារសុខភាព និងការលើកកម្ពស់សុខភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35