នៅព្រឹកថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការទទួលបន្ទុកការងារជំងឺឆ្លង នៃក្រសួងសុខាភិបាល បានដឹកនាំប្រតិភូពិនិត្យមើលការអនុវត្តការងារចត្តាឡីស័ក ក្នុងបរិបទបង្ការ និងទប់ស្កាត់ការនាំចូល នៃជំងឺអេបូឡា (Ebola) និងជំងឺឆ្លងផ្សេងៗ នៅអាកាសយានដ្ឋានអន្តរជាតិ តេជោ។
ក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីចត្តាឡីស័ក និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដូចខាងក្រោម៖
- បង្កើនការតាមដានយ៉ាងយកចិត្តទុកដាក់ និងម៉ត់ចត់បំផុតលើម៉ាស៊ីនវាស់កំដៅ ពិសេសចំពោះជើងហោះហើរដែលមានអ្នកដំណេីរ មកពីប្រទេសដែលមានហានិភយ័ខ្ពស់។
- ចំពោះជេីងហោះហើរ មកពីតំបន់ប្រឈម ត្រូវអនុវត្តយន្តការវាស់កំដៅទ្វេដង ដោយគ្រប់អ្នកដំណើរទាំងអស់ត្រូវតែឆ្លងកាត់ការវាស់កំដៅពីរដំណាក់កាល៖ ១) ស្កែនកំដៅពីចម្ងាយតាមរយៈម៉ាស៊ីន (Thermal Scanner) និង ២) វាស់កំដៅដោយផ្ទាល់បន្ថែម ដើម្បីធានាភាពច្បាស់លាស់។
- ត្រូវរៀបចំដាក់ដបអាកុលសម្រាប់លាងដៃនៅគ្រប់ចំណុចត្រួតពិនិត្យ។
- ត្រូវដាក់តាំងបង្ហាញរូបភាពអប់រំដល់អ្នកដំណើរ និងអ្នកពាក់ព័ន្ធនៅក្នុងព្រលាន។
- ករណីរកឃើញមានកំដៅចាប់ពី ៣៨អង្សាសេ ត្រូវបញ្ជូនទៅកាន់បន្ទប់ដាច់ដោយឡែកដែលបានកំណត់ ដើម្បីបំពេញកម្រងសំណួរ ពិនិត្យរករោគសញ្ញាបន្ថែម ឬចាត់ចែងបញ្ជូនបន្តទៅតាមករណីជាក់ស្តែង។
- រៀបចំទីតាំងជាក់លាក់ដែលមានសុវត្ថិភាពសម្រាប់ការយកសំណាក ទៅពិនិត្យនៅមន្ទីរពិសោធន៍
- ចាត់ចែងការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណដែលពាក់ព័ន្ធ ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស សុខាភិបាល។
លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីពាក់ព័ន្ធ និងមន្ត្រីចត្តាឡីស័កទាំងអស់ ដែលកំពុងបំពេញភារកិច្ច និងត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
ការចុះពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពី លោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សុខ ស្រ៊ុន ប្រធាននាយកដ្ឋានសេវាសុខភាព នៃក្រសួងសុខាភិបាល លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងលោក លោកស្រី តំណាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងព្រលានយន្តហោះអន្តរជាតិ តេជោ រួមទាំងក្រុមការងារពាក់ព័ន្ធ។