ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរៀបចំផែនការងាររបន្ត ក្នុងគោលដៅបង្កើនប្រសិទ្ធភាព គុណភាព និងស័ក្តិសិទ្ធិភាព ក្នុងការអនុវត្តការងារ និងនវានុវត្តន៍។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី គូសរំលេច អំពីអត្ថន័យនៃការគោរពទង់ជាតិ និងភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអត្តសញ្ញាណជាតិខ្មែរ មាន ជាតិ សាសនា ព្រះមហាក្សត្រ និងមានប្រាង្គប្រាសាទ វប្បធម៌ ជាដួងព្រលឹងជាតិ ភាពអង់អាចក្លាហាន និងសាមគ្គីភាពរបស់ប្រជាជាតិខ្មែរ។ ដូច្នេះ សូមគ្រប់អង្គភាពទាំងអស់ ខិតខំបង្កើតស្មារតីសាមគ្គីភាពជាតិ និងបុរេសកម្មភាព ក្នុងការងារ ដើម្បីជាកត្តាជំរុញឱ្យមានការរីកចម្រើន និងកាន់តែរុងរឿងបន្តទៀត។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ណែនាំ និងផ្តល់អនុសាសន៍ មួយចំនួនដើម្បីជូនដល់បណ្តាអង្គភាព និងមន្ទីរពេទ្យទាំងអស់ យកទៅអនុវត្តន៍ រួមមាន៖ ១)ត្រូវបង្កើនការទំនាក់ទំនងសាធារណៈ និងជាមួយអ្នកជំនាញសុខាភិបាល (Health Professional) ព្រមទាំងរៀបចំនូវផែនការយុទ្ធសាស្រ្តាបន្ថែម ដើម្បីបង្កើតជាការទាក់ទាញដៃគូមកជួយគាំទ្រ ២)រៀបចំព្រឹត្តិការណ៍ពាក់ព័ន្ធផ្សេងៗ ដើម្បីជាឱកាសទាក់ទាញ ការផ្សព្វផ្សាយអំពីសុខាភិបាល ការអប់រំសុខភាព និងបញ្រ្ជាបខ្លួនចូលរួមក្នុងសកម្មភាពកីឡា ៣)រៀបចំចូលរួមគាំទ្រព្រឹត្តិការណ៍ និងជាយុទ្ធនាការសាធារណៈផ្សេងៗ ដើម្បីផ្សព្វផ្សាយសារអប់រំសុខភាព ៤)ការអប់រំ ផ្សព្វផ្សាយនៅតាមសាលារៀន មហាវិទ្យាល័យ និងលើបណ្តោញសង្គម ពិសេសគិតគូពិការផ្តល់ទស្សនកិច្ចសិក្សាដល់សិស្សានុសិស្សតូចៗ ដើម្បីបណ្តុះគំនិត និងការយល់ដឹងអំពីវិស័យសុខាភិបាល ៥)ការទំនាក់ទំនង និងបង្កើតបរិយាកាសល្អជាមួយអ្នកជំងឺសម្រាកពេទ្យ ដើម្បីបង្កើនការផ្តល់ទំនុកចិត្តមកលើគ្រូពេទ្យ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាលចាប់ពី រដ្ឋលេខាធិការ ដល់ប្រធានការិយាល័យ នៃទីស្តីការក្រសួងសុខាភិបាល និងប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ដែលចូលរួមតាមប្រព័ន្ធ Zoom។