ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអប់រំ និងលើកកម្ពស់សុខភាព បានអញ្ជើញចូលរួមដឹកនាំ កិច្ចប្រជុំក្រុមមន្ត្រីបង្គោល សម្រាប់ការងារអប់រំសុខភាព និងលើកកម្ពស់សុខភាពលើកទី២៧ ដែលបានប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព (NCHP)។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពការងារ ពិនិត្យលទ្ធផលសម្រេចបាន និងពិភាក្សាផ្តល់យោបល់លើខ្លឹមសារនៃសារអប់រំសុខភាព ដែលបានបង្ហាញដោយមន្ត្រីបង្គោលនៃនាយកដ្ឋាន/អង្គភាពជំនាញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបង្គោលសរុបចំនួន ២៤នាក់ មកពីនាយកដ្ឋានការពារសុខភាព នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព មជ្ឈមណ្ឌលជាតិផ្តល់ឈាម មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ព្រមទាំងតំណាងអង្គការដៃគូសុខាភិបាលមួយចំនួន។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅតាមរបៀបវារៈ ដូចតទៅ៖
១.បទបង្ហាញសារអប់រំសុខភាពអំពីរបបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយតំណាងនាយកដ្ឋានការពារសុខភាព
២.បទបង្ហាញស្តីពីវឌ្ឍនភាពការងារ និងសារអប់រំសុខភាពស្តីពីការការពារជំងឺអេបូឡា របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
៣.ពិភាក្សាលើសារអប់រំសុខភាព ស្តីពីការប្រើប្រាស់គ្រឿងសម្អាងសម្រាប់ថែសម្ផស្ស បង្ហាញដោយតំណាង
នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង
៤.ពិភាក្សា និងការផ្លាស់ប្តូរយោបល់លើសារអប់រំសុខភាព ការពារការចម្លងវីរុសហាន់តា របស់មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព។
ដើម្បីជំរុញការងារអប់រំ និងលើកកម្ពស់សុខភាពឱ្យកាន់តែស៊ីជម្រៅ និងឆ្លើយតបបានទាន់ពេលវេលា លោកជំទាវវេជ្ជបណ្ឌិតបានផ្តល់នូវអនុសាសន៍ណែនាំគន្លឹះៗ និងបានបញ្ជ្រាបនូវការណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានដាក់ចេញក្នុងកិច្ចប្រជុំប្រចាំខែកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ ដើម្បីឱ្យគ្រប់អង្គភាពពាក់ព័ន្ធយកទៅអនុវត្តបន្តផងដែរ។