Cambodia
ព័ត៌មានលំអិត

Image
ព្រឹត្តិការណ៍ពង្រឹងកិច្ចសហប្រតិបត្តិការសុខាភិបាល និងលើកកម្ពស់សុវត្ថិភាពអ្នកជំងឺ។

ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាអគ្គនាយករងបច្ចេកទេសសុខាភិបាល បានអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងកម្មវិធី India–Cambodia Medical Tourism Promotion and Healthcare Networking Event ដែលបានរៀបចំឡើងនៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ។
 
ក្នុងឱកាសបើកកម្មវិធី ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ បានថ្លែងអំណរគុណចំពោះស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំកម្មវិធីនេះ ដើម្បីបង្កើតជាវេទិកាសម្រាប់ជំនួបពិភាក្សា និងពង្រឹងបណ្តាញទំនាក់ទំនង រវាងអ្នកជំនាញសុខាភិបាល ស្ថាប័នវេជ្ជសាស្ត្រ និងដៃគូពាក់ព័ន្ធ។ ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍វិជ្ជាជីវៈ ការបណ្តុះបណ្តាល ការអប់រំវេជ្ជសាស្ត្រ និងការផ្ទេរបច្ចេកវិទ្យា គឺជាកត្តាសំខាន់ក្នុងការពង្រឹងសមត្ថភាពសេវាសុខាភិបាល និងលើកកម្ពស់សុខភាពប្រជាជន។
 
ឯកឧត្តមសាស្ត្រាចារ្យ បានមានប្រសាសន៍បន្ថែមថា ក្រសួងសុខាភិបាល បន្តប្តេជ្ញាពង្រឹងប្រព័ន្ធសុខាភិបាលជាតិ និងឈានទៅសម្រេចគោលដៅគ្របដណ្តប់សុខភាពជាសាកល តាមរយៈការពង្រឹងគុណភាពសេវា ការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័នសុខាភិបាល ព្រមទាំងការលើកកម្ពស់ភាពជាដៃគូ ប្រកបដោយការទទួលខុសត្រូវ។
 
ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់ថា ទេសចរណ៍សុខាភិបាល មិនគួរត្រូវបានមើលឃើញត្រឹមតែជាសកម្មភាពពាណិជ្ជកម្មនោះទេ ប៉ុន្តែគួរត្រូវបានចាត់ទុកជាយន្តការសហប្រតិបត្តិការ ដែលផ្តោតលើសុវត្ថិភាព អត្ថប្រយោជន៍ និងសុខុមាលភាពរបស់អ្នកជំងឺជាចម្បង។ ក្នុងន័យនេះ ក្រសួងសុខាភិបាលស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងឡាយ ដែលរួមចំណែកពង្រឹងសមត្ថភាពសុខាភិបាល ការផ្លាស់ប្តូរចំណេះដឹង និងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ ដោយត្រូវអនុវត្តស្របតាមច្បាប់ បទដ្ឋានវិជ្ជាជីវៈ និងគោលការណ៍ការពារផលប្រយោជន៍ និងសុវត្ថិភាពអ្នកជំងឺជាចម្បង និងប្រកាន់ខ្ជាប់នូវគោលការណ៌ក្រមសីលធម៌វេជ្ជសាស្ត្រ។ 
 
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម សមាគមទេសចរណ៍កម្ពុជា សមាគមឧកញ៉ាកម្ពុជា តំណាងស្ថាប័នពាក់ព័ន្ធ មន្ទីរពេទ្យ អ្នកវិជ្ជាជីវៈសុខាភិបាល និងដៃគូវិស័យឯកជនផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

រូបភាព Gallery
1 / 1
Gallery image