Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំ ស្តីពីការពិនិត្យលើផែនការអនុវត្ត នៃអនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលលើកឡើងដោយអង្គភាពពាក់ព័ន្ធទាំង៥

ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ស្តីពីការពិនិត្យលើផែនការអនុវត្ត នៃអនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលលើកឡើងដោយអង្គភាពពាក់ព័ន្ធទាំង៥។

គោលបំណង នៃកិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់កែលម្អលើសេចក្តីព្រាងផែនការអនុវត្តនៃគម្រោង (Implementation Plan) របស់អង្គភាពអនុវត្តចំនួន៥ រួមមាន នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង វិទ្យាស្ថានជាតិសុខភាពសាធារណៈ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ ដែលជាជំនួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំ និងសូមយកចិត្តទុកដាក់ ខិតខំបំពេញទៅផែនការដែលបានគ្រោងទុកឱ្យបានសម្រេចតាមគោលដៅកំណត់រួមមាន៖ ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងគម្រោង គណៈកម្មការដឹកនាំ (Steering Committee) និងអង្គភាពគ្រប់គ្រងគម្រោង (PMU) ដើម្បីធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន ប្រសិទ្ធភាព និងស្របទៅតាមអនុស្សរណៈ នៃការយោគយល់គ្នា (MOU) ដែលបានព្រមព្រៀង។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជ. ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក លោកស្រី តំណាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង វិទ្យាស្ថានជាតិសុខភាពសាធារណៈ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image