ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវសាស្រ្តាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ គណៈកម្មការសម្របសម្រួលក្នុងការពង្រឹងគុណភាពថែទាំ ព្យាបាល សុខមាលភាពមាតា ទារក កុមារ និងរោគស្រ្តី ក្នុងព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាពីការរៀបចំបង្កើតកម្រិតថែទាំព្យាបាលទារក និងធ្វើបច្ចុប្បន្នភាពគោលការណ៏ថែទាំព្យាបាលទារកថ្នាក់ជាតិ។
គោលបំណងនៃអង្គប្រជុំគឺ បូកសរុបការងារ និងពិនិត្យពិភាក្សា ការរៀបចំបង្កើតកម្រិតថែទាំ ព្យាបាលទារក និងធ្វើបច្ចុប្បន្នភាពគោលការណ៍ថែទាំព្យាបាលទារកថ្នាក់ជាតិ ទៅតាមកម្រិត CPA1, CPA2 និងCPA3 ដែលជាផែនការសកម្មភាពមួយ ក្នុងផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងទារក (២០២៥-២០៣០) របស់ក្រសួងសុខាភិបាល ឱ្យសម្រេចបានតាមផែនការនៅឆ្នាំ២០៣០។
លោកជំទាវសាស្រ្តាចារ្យ បានផ្ដល់ជាអនុសាសន៍ដូចខាងក្រោម៖
១.សម្រាលដោយការវះកាត់ ត្រូវតែមាននិយាមច្បាស់លាស់
២.ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាព ត្រូវតែសហការគ្នាទៅវិញទៅមក លើការគាំទ្របច្ចេកទេសថែទាំ ព្យាបាលទារកជុំវិញកំណើត និងក្រោយកំណើតឲ្យបានល្អប្រសើរ
៣.ពង្រឹងលើប្រព័ន្ធបញ្ជូនឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាព
៤.ការរៀបចំ និងបង្កើតមេគ្គុទេសន៍ព្យាបាល ទារក នឹងជួយពង្រឹងសមត្ថភាពគ្រូពេទ្យ នៅក្នុងប្រព័ន្ធសុខាភិបាលតែមួយ ដើម្បីទទួលបានគុណភាព និងមានប្រសិទ្ធភាព ជាពិសេសកាត់បន្ថយអត្រាមរណភាពទារកក្នុងព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិ មន្ទីរពេទ្យក្រោមជាតិ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតជំនាញ ទារក និងកុមារនិង តំនាងអង្គការ JICA សរុបចំនួន២០រូប