ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២៦
ខេត្តបន្ទាយមានជ័យ៖ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យស្ថានភាពបម្រើសេវាសុខាភិបាល និងពង្រឹងគុណភាពសេវា នៅតាមមណ្ឌលសុខភាព ក្នុងខេត្តបន្ទាយមានជ័យ។
ការចុះពិនិត្យនេះ ផ្តោតសំខាន់ទៅលើចំណុចមួយចំនួនដូចជា ការធ្វើបដិសណ្ឋារកិច្ច និងការបំពេញការងារដោយក្រមសីលធម៌វិជ្ជាជីវៈ ហេដ្ឋារចនាសម្ព័ន្ធ អនាម័យបរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព ការគ្រប់គ្រង ការថែទាំ ការបែងចែកឱសថ សម្ភារៈបរិក្ខាពេទ្យ ការលើកកម្ពស់គុណភាពសុវត្ថិភាពអ្នកជំងឺ និងសេវាបញ្ជូនអ្នកជំងឺ ការងារសហការជាមួយមូលនិធិគាំពារសង្គម (បសស និង មូលនិធិសមធម៌) ការស្កេនអំពីការពេញចិត្តរបស់អតិថិជន និងការប្រើប្រាស់ប្រព័ន្ធឌីជីថល។
ឆ្លៀតឱកាសនេះដែរលោកជំទាវអនុរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងារបម្រើសេវាសុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានយ៉ាងល្អប្រសើរ ។
គួរបញ្ជាក់ផងដែរថា ទីតាំងចុះពិនិត្យរួមមាន មណ្ឌលសុខភាពអូរអំបិល មណ្ឌលសុខភាពទឹកថ្លា មណ្ឌលសុខភាពម្កាក់ មណ្ឌលសុខភាពកំពង់ស្វាយ១ មណ្ឌលសុខភាពកំពង់ស្វាយ២ មណ្ឌលសុខភាពបុស្បូវ មណ្ឌលសុខភាពឈ្នួរមានជ័យ មណ្ឌលសុខភាពជប់វារី ក្រុមគ្រូពេទ្យសង្គ្រោះបឋម (មណ្ឌលសុខភាពបឹងត្រកួន) ជំរកបណ្តោះអាសន្នភូមិស្លក្រាម មណ្ឌលសុខភាពភ្នំតូច មណ្ឌលសុខភាពអូរប្រាសាទ និងមានការសម្របសម្រួល ពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ព្រមទាំងប្រធាន អនុប្រធានការិយាល័យស្រុកប្រតិបត្តិ ខេត្តបន្ទាយមានជ័យ។