Cambodia
ព័ត៌មានលំអិត

Image
ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ

ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២៦

ខេត្តបាត់ដំបង៖ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រូបង្គោលថ្នាក់ជាតិ ពង្រឹងសមត្ថភាពសង្គ្រោះបន្ទាន់ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីសេវាសង្គ្រោះបឋម សង្គ្រោះបន្ទាន់ និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ ក្រោមគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2)។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ និងបុគ្គលិកដែលបម្រើការងារនៅផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូននៅតាមមន្ទីរពេទ្យបង្អែកស្រុក និងខេត្ត។

បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេប របស់អ្នកគ្រប់គ្រងវគ្គបណ្ដុះបណ្ដាល អំពីលទ្ធផលនៃវគ្គបណ្ដុះបណ្ដាល ឯកឧត្តមរដ្ឋលេខាធិការ បានចូលរួមជាមតិយោបល់ និងណែនាំមួយចំនួនដូចខាងក្រោម៖
-វគ្គបណ្ដុះបណ្ដាលនេះ ទទួលបានលទ្ធផលល្អប្រសើរ ដោយការធ្វើតេស្តក្រោយវគ្គបណ្ដុះបណ្ដាល ទទួលបានលទ្ធផលល្អជាងពេលធ្វើតេស្តមុនវគ្គ នេះបញ្ជាក់ឱ្យឃើញថាសិក្ខាកាមទាំងអស់បានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលយកនូវចំណេះជំនាញដែលក្រុមគ្រូបង្គោលបានចែករំលែក
-សិក្ខាកាមដែលទទួលបាននូវចំណេះដឹងនេះត្រូវយកទៅប្រើប្រាស់នៅទីតាំងផ្ដល់សេវាក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរទើបការបណ្ដុះបណ្ដាលនេះទទួលបានលទ្ធផលដូចដែលបានរំពឹងទុក។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ដោយធ្វើបទបង្ហាញទ្រឹស្តីចំនួន៣ថ្ងៃ និងការចុះអនុវត្តផ្ទាល់នៅផ្នែកសង្គ្រោះបន្ទាន់ និងប្រព័ន្ធបញ្ជូនរបស់មន្ទីរពេទ្យខេត្តចំនួន១ថ្ងៃ អនុវត្តនៅលើម៉ានីកាំងរយៈពេល១ថ្ងៃ មានការអញ្ជើញចូលរួមពី នាយកដ្ឋានសេវាសុខភាព មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង មន្ទីរពេទ្យខេត្តបាត់ដំបង ក្រុមគ្រូបង្គោលថ្នាក់ជាតិ និងក្រុមសម្របសម្រួលពីការិយាល័យគិលានុបដ្ឋាក និងឆ្មប សិក្ខាកាមចូលរួមសរុបចំនួន ៨៥រូប មកពីមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក ក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ សៀមរាប ពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ធំ ប៉ៃលិន និងខេត្តបាត់ដំបងផ្ទាល់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

រូបភាព Gallery
1 / 1
Gallery image