Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «មន្រ្តីសុខាភិបាលត្រូវរក្សាគុណតម្លៃ និងឥស្សរភាពនៃការខិតខំប្រឹងប្រែងទាំងនាពេលកន្លងមក និងក្នុងពេលអនាគតជាបន្តទៀត»

ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២៦

ខេត្តពោធិ៍សាត់៖ ថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្ដម Kim Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារជំងឺមិនឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ប្រជាជនសាធារណរដ្ឋកូរ៉េ ជូនចំពោះប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ តាមរយៈមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH)។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមពាំនាំនូវការសាកសួរសុខទុក្ខ និងការនឹករលឹកដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ និងផ្ញើសេចក្តីនឹករលឹកដល់ប្រជាពលរដ្ឋ ដែលមានបំណងប្រាថ្នាសូមឱ្យប្រជាពលរដ្ឋគ្រប់ៗរូបមានសុខភាពល្អ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ ដែលបានជួយក្នុងការអភិវឌ្ឍ និងពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា។ តាមរយៈជំនួយនេះ គឺពិតជាបានចូលរួមសម្រេចគោលដៅយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល លើការប្រយុទ្ធនឹងជំងឺមិនឆ្លង បន្ថយអត្រាឈឺ និងអត្រាស្លាប់ ឈានឆ្ពោះការសម្រេចបានការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០៣៥ ពោលគឺគ្មាននរណាម្នាក់ត្រូវបានទុកចោល ដោយមិនទទួលបានការថែទាំព្យាបាលសេវាសុខភាពនោះឡើយ (no one left behind)។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងនូវការកោតសរសើរចំពោះ ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលគ្រប់កម្រិត ដែលកន្លងមកបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ជូនប្រជាពលរដ្ឋ ជាពិសេសថ្មីៗនេះ ក្នុងព្រឹត្តិការណ៍នៃសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ ដែលមន្រ្តីសុខាភិបាលរបស់យើង ជាបានរួមចំណែកយ៉ាងសកម្មប្រកបដោយឆន្ទៈមុតស្រួច ក្លាហាន មោះមុត ប្តូរផ្តាច់ ដើម្បីជួយសង្រ្គោះ ថែទាំនិងព្យាបាលដល់វីរកងទ័ពជួរមុខរបស់យើង ព្រមទាំងចូលរួមចំណែករួមសុខ រួមទុក្ខ ទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាសុខភាព និងទប់ស្កាត់ជំងឺនានាដល់បងប្អូនជនភៀសសឹក នៅតាមទីតាំងមណ្ឌលភៀសសឹកក្នុងស្រុកវាលវែង។

ឆ្លៀតក្នុងឱកាសពិសេស ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួន ដល់មន្រ្តីសុខាភិបាលគ្រប់កម្រិត យកទៅអនុវត្តជាបន្ត៖
១) ត្រូវប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ គោរពម៉ោងបំពេញការងារ វិន័យ គោរពសិទ្ធិអ្នកជំងឺ និងការផ្លាស់ប្តូរឥរិយាបថ ក្នុងនាមជាអ្នកបម្រើសេវាសុខភាព។
២) ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាឱ្យការបម្រើសេវាសុខាភិបាលរបស់ខ្លួន មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការបម្រើសេវាប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សុវត្ថិភាព សុចរិតភាព គុណធម៌ សមធម៌ និងតម្លាភាព ប្រកបដោយការទទួលខុសត្រូវ និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។
៣) ខិតខំថែទាំនូវហេដ្ឋារចនាសម្ព័ន្ធដែលបានទទួលកន្លងមក កំពុងប្រើប្រាស់សព្វថ្ងៃ និងអគារដែលនឹង សម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ ដោយធ្វើយ៉ាងណាឱ្យអគារទាំងឡាយ មានសោភ័ណភាព និងប្រកបដោយបរិស្ថានអនាម័យល្អ និងមានផាសុកភាព។
៤) បន្តពង្រឹង និងពង្រីកគុណភាពសេវា និងការងារគ្រប់គ្រងអង្គភាព រួមទាំងការគ្រប់គ្រងបុគ្គលិក ការ
បណ្តុះបណ្តាលជំនាញបន្ថែម ការធ្វើទំនើបកម្មនូវឧបករណ៍ សម្ភារៈ បរិក្ខារ នវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
៥) យកចិត្តទុកដាក់បន្ថែម ក្នុងការត្រៀមបង្ការទប់ទល់នឹងការកើតឡើងនូវជំងឺឆ្លងជាយថាហេតុ រួមទាំង ជំងឺមិនឆ្លងគ្រប់ប្រភេទ ដែលជាបញ្ហាសុខភាពសាធារណៈធ្ងន់ធ្ងរជាអាតិភាពបំផុត។
៦) គ្រប់គ្រងឱ្យបានល្អប្រសើរ លើសេវាឯកជន ទាំងសេវាវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ។
៧) បន្តលើកកម្ពស់បន្ថែមទៀត នូវការថែទាំសុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំង គ្រប់ប្រភេទ និងជាប្រចាំ ដើម្បីមានភាពស៊ាំនៅក្នុងសហគមន៍។
៨) សម្របសម្រួល កៀរគរធនធានពីគ្រប់មជ្ឈដ្ឋាន រួមទាំងដៃគូអភិវឌ្ឍន៍ និងសប្បុរសជន ដើម្បីទ្រទ្រង់ដល់ដំណើរការបម្រើសេវាសុខភាព ដោយរាប់បញ្ចូលពីបញ្ហាគ្រោះមហន្តរាយផ្សេងៗ និងសុខភាពតាមព្រំដែន ជាដើម។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរព្រះគុណ ព្រះតេជគុណឥន្ទត្ថេរោ នៅ សុគន្ធថៃ (លោកតាហួរ) ចៅអធិការវត្តហង្សាបីតិ (វត្តព្រែកស្តី) ដែលព្រះតេជគុណ បានចូលរួមបរិច្ចាគជាថវិកាជាច្រើន ក្នុងការសាងសង់ ជួសជុល ផ្គត់ផ្គង់ ឧបករណ៍សម្ភារៈបរិក្ខារពេទ្យ សម្រាប់ជួយអភិវឌ្ឍដល់មន្ទីរពេទ្យខេត្តពោធិ៍សាត់។ សូមថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបាននិងកំពុងចូលរួមយ៉ាងសស្រាក់សស្រាំជាមួយវិស័យសុខាភិបាល មិនចំពោះតែនៅក្នុងខេត្តពោធិ៍សាត់ទេ គឺនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោកសាស្រ្តាចារ្យប្រធានមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH) នៃសាធារណៈរដ្ឋកូរ៉េ និងប្រធាន KOFIH ប្រចាំកម្ពុជា តំណាងអង្គការសុខភាពពិភពលោក ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងបងប្អូន ប្រជាពលរដ្ឋជាទីគោរព។

សូមជម្រាបជូនថា អគារជំងឺមិនឆ្លង នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ជាអំណោយដ៏ថ្លៃថ្លារបស់ប្រជាជនសាធារណរដ្ឋកូរ៉េ ជូនចំពោះប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ដែលបានចាប់ផ្តើមបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅខែមេសា ឆ្នាំ២០២៦។ អគារនេះ មានកម្ពស់ ៤ជាន់ (រាប់បញ្ចូលទាំងជាន់ផ្ទាល់ដី) ដែលមានទំហំផ្ទៃក្រឡាសរុប ៣.៤០៨,៥៣ ម៉ែត្រការ៉េ និងមានកម្ពស់ ១៧,៦៥ ម៉ែត្រ ចំណយថវិកាសរុប ១,៧៨២,៧៨៥.១៥ ដុលា្លអាមេរិក និងការបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ សរុបចំនួន ២៤៩,៩៩២.៦០ ដុលា្លអាមេរិក។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39
Image 40
Image 41
Image 42
Image 43
Image 44
Image 45
Image 46
Image 47
Image 48
Image 49
Image 50
Image 51
Image 52
Image 53
Image 54
Image 55
Image 56
Image 57
Image 58
Image 59
Image 60
Image 61
Image 62
Image 63
Image 64
Image 65
Image 66
Image 67
Image 68
Image 69
Image 70
Image 71
Image 72
Image 73
Image 74
Image 75
Image 76
Image 77
Image 78
Image 79
Image 80
Image 81
Image 82
Image 83
Image 84
Image 85
Image 86
Image 87
Image 88

រូបភាព Gallery
1 / 1
Gallery image