ថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២៦
ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូសុខាភិបាល ដោយមានការចូលរួមអមដំណើរដោយ ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ ពិនិត្យការបម្រើសេវានៅ មណ្ឌលសុខភាព សំរោង នៅខេត្តពោធិ៍សាត់ ដែលជាមណ្ឌលសុខភាព កំពុងស្ថិតក្នុងការប្រឡងប្រណាំងយកជ័យលាភី «ជាមណ្ឌលសុខភាពគំរូ សម្រាប់ឆ្នាំ២០២៥។»
បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងអំណរគុណអំពីការខិតខំរបស់មន្រ្តីសុខាភិបាល ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីបុរេសកម្ម។ ឯកឧត្តមសង្កត់ធ្ងន់ថា៖ «យើងកាន់តែត្រូវបង្កើនការខិតខំ និងតម្កល់ភាពល្អប្រសើរនេះ ដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ហើយត្រូវតែចែករំលែកដល់សហភាតរៈយើង អំពីការវិវត្តន៍ជាវិជ្ជមានរបស់ខ្លួនឱ្យកាន់តែទូលាយ សំដៅការរីកចម្រើនទៅមុខជាមួយគ្នា រួមគ្នាកសាងប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែមានភាពធន់»។
មណ្ឌលសុខភាពសំរោង ស្ថិតនៅភូមីព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅតាមបណ្តោយផ្លូវជាតិលេខ៥៥ មានចម្ងាយ ៤២គីឡូម៉ត្រពីទីរួមខេត្តពោធិ៍សាត់ ធ្លាប់ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស ក្នុងឆ្នាំ២០២៣។