Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ លើកទឹកចិត្តដល់មន្រ្តីសុខាភិបាល បន្តខិតខំក្នុងភារកិច្ចរបស់ខ្លួនទាំងការបម្រើសេវាថែទាំព្យាបាល និងភាពជាអ្នកដឹកនាំក្នុងអង្គភាព ដើម្បីបង្កើនភាពធន់ក្នុងប្រព័ន្ធសុខាភិបាល។

ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៦

ថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល នៅក្នុងដំណើរចុះពិនិត្យសេវាសុខាភិបាលតាមមូលដ្ឋានសុខាភិបាល នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ (វគ្គ១១៨) ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ (Zoom) សរុបចំនួន ៣០៩៣ នាក់។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមន្រ្តីសុខាភិបាលទាំងអស់ បន្តខិតខំប្រើប្រាស់សមត្ថភាព ប្រកបដោយកាយវិការទន់ភ្លន់ក្នុងការបម្រើសេវាសុខភាព ចូលរួមបង្កើតភាពរីករាយ និងទទួលបានការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះឯកឧត្តមសាស្រ្តាចារ្យបានទទួលស្គាល់នូវការលះបង់ទាំងកំលាំងកាយចិត្ត ដែលមន្រ្តីសុខាភិបាលបាន និងកំពុងធ្វើកន្លងមក ក្នុងភារកិច្ច កាត្វកិច្ច សេចក្តីថ្លៃថ្នូររបស់ខ្លួនការពារសុខភាព សុវត្ថិភាពជូនប្រជាពលរដ្ឋ។

ជាកិច្ចបន្តឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទទាក់ទងនឹងការធ្វើផែនការមកចែករំលែក ដោយសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការធ្វើផែនការ ដែលមានគោលដៅច្បាស់លាស់ ដោយឈរលើការគិតគូរជាប្រចាំ ដោយប្រមើមើលនូវឧបសគ្គនៅខាងមុខ និងការជ្រើសរើសយកនូវដំណោះស្រាយដែលមានសក្ខានុពលស្របតាមបរិបទរបស់អង្គភាព។

ជាបន្ទាប់ ក្រុមការងារមន្ទីរពេទ្យព្រះនេត្រព្រះនៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញពីការដឹកនាំ និងគ្រប់គ្រងមន្ទីរពេទ្យ ដោយបង្ហាញនូវសមិទ្ធផលនៃការកើនឡើង នៃចំនួនអ្នកមកប្រើប្រាស់សេវា និងការកែលម្អហេដ្ឋារចនាសម្ពន្ធ័របស់មន្ទីរពេទ្យ។ នៅក្នុងបទបង្ហាញនេះក៏បានរំលេចនូវគុណតម្លៃរបស់មន្ទីរពេទ្យ និងគុណតម្លៃរបស់បុគ្គល ដែលគុណតម្លៃទាំងនេះ គឺជាកំលាំងចលករមួយរបស់មន្ទីរពេទ្យ ដែលអាចបូកផ្សំជាមួយការដឹកនាំប្រកបដោយភាពចាស់ទុំ នឹងធ្វើឱ្យមន្ទីរពេទ្យអាចបន្តបង្កើនគុណភាពសេវា ពង្រឹងសុវត្ថិភាពអ្នកជំងឺ និងឈានទៅបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃសេវារបស់ខ្លួន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20

រូបភាព Gallery
1 / 1
Gallery image