ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំគម្រោង (Steering Committee) លើកទី១ ត្រូវបានរៀបចំឡើងក្រោមក្របខណ្ឌនៃអនុស្សរណៈយោគយល់គ្នា (MOU) ដែលត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។
គោលបំណងចម្បងនៃកិច្ចប្រជុំ ដើម្បី៖
-បង្កើតរចនាសម្ព័ន្ធអភិបាលកិច្ចគម្រោងឱ្យបានច្បាស់លាស់
-កំណត់ការរៀបចំអនុវត្តគម្រោង (Implementation Arrangements)
-ពិនិត្យ និងសម្រេចលើផែនការយុទ្ធសាស្ត្រ និងថវិកាសម្រាប់កម្មវិធីនីមួយៗ
-ជំរុញការសហការរវាងស្ថាប័នពាក់ព័ន្ធទាំងអស់
ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំ ជូនដល់អង្គភាពអនុវត្តទាំងអស់ សូមលើកទឹកចិត្តស្វែងយល់ឱ្យបានច្បាស់ និងគោរពតាមឯកសារគតិយុត្តិ ( Memorandum of Understanding-MOU និង Data Sharing Agreement-DSA) ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជ. ឈួន សំរិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម អ៊ឹម សួរ អគ្គលេខាធិការរង គណ:កម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមវេជ្ជ. ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងឯកឧត្តម លោក លោកស្រី ប្រធាន អនុប្រធាន តំណាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង វិទ្យាស្ថានជាតិសុខភាពសាធារណៈ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ តំណាងស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (US-CDC) និងលោក លោកស្រី ជាក្រុមការងារពាក់ព័ន្ធ។