Cambodia
ព័ត៌មានលំអិត

Image
ពិធីបិទសន្និសិទ ស្តីពី «វឌ្ឍនភាពរយៈពេល ២០ឆ្នាំ នៃការតាមដានជំងឺផ្តាសាយ និងមេរោគផ្លូវដង្ហើមនៅកម្ពុជាចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៦»។

ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និសិទ ស្តីពី «វឌ្ឍនភាពរយៈពេល ២០ឆ្នាំ នៃការតាមដានជំងឺផ្តាសាយ និងមេរោគផ្លូវដង្ហើមនៅកម្ពុជាចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៦» ដោយមានការចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល លោកឱសថការី ប៊ុត សុខល់ នាយករង នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងតំណាងស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (US-CDC) រួមទាំងអង្គការ ដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ។

លទ្ធផល នៃសន្និសីទរយៈពេលពីរថ្ងៃនេះ បានបង្ហាញពីវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងការកសាងប្រព័ន្ធដ៏រឹងមាំសម្រាប់ការកំណត់អត្តសញ្ញាណ ការតាមដាន ការបង្ការ និងការគ្រប់គ្រងជំងឺផ្តាសាយ និងមេរោគបង្កជំងឺផ្លូវដង្ហើម ផ្សេងៗ។

បន្ថែមពីនេះទៀត អង្គសន្និសីទនេះ បានបង្ហាញយ៉ាងច្បាស់ថា ការតាមដានជំងឺ មិនមែនគ្រាន់តែជាការប្រមូលទិន្នន័យប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះ សម្រាប់ ការរកឃើញជំងឺបានទាន់ពេលវេលា ការឆ្លើយតប ការបង្ការ ការព្យាបាល និងលើកកំពស់សុខភាពសាធារណៈរបស់ប្រជាជនកម្ពុជាប្រកបដោយប្រសិទ្ធភាព។

ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍ប្រព័ន្ធតាមដានជំងឺផ្តាសសាយ និងមេរោគ ផ្លូវដង្ហើម លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍សំខាន់ៗ ចំនួន ៥៖ ១) បន្តពង្រឹង និងពង្រីកប្រព័ន្ធតាមដានជំងឺស្រដៀងផ្តាសាយ (ILI) ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (SARI) ជំងឺផ្តាសាយបក្សី និងមេរោគបង្កជំងឺ ផ្លូវដង្ហើមផ្សេងៗ ២) បង្កើនសមត្ថភាពមន្ទីរពិសោធន៍ ផ្នែកម៉ូលេគុលលែ ការតាមដានហ្សែន មេរោគ (Genomic Sequencing) និងការវិភាគជីវព័ត៌មានវិទ្យា (Bioinformatics) ៣) ពង្រឹងកិច្ចសហការតាមគោលការណ៍សុខភាពតែមួយ (One Health) ដោយលើកកម្ពស់កិច្ចសហការ រវាងវិស័យសុខាភិបាល សុខភាពសត្វ និងបរិស្ថាន ៤) ពង្រឹងការគ្រប់គ្រងអ្នកជំងឺ និងការបង្ការ និងគ្រប់គ្រងការឆ្លងរោគសម្រាប់ជំងឺផ្តាសាយ និងជំងឺផ្លូវដង្ហើមដែលកំពុងលេចឡើងថ្មីៗ។ ជាពិសេស ធានាឱ្យបាននូវការផ្តល់សេវាធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំ ទាន់ពេលវេលាក្នុងអំឡុងពេលមានការផ្ទុះជំងឺ។ ៥) ពង្រឹងការគ្រប់គ្រងទិន្នន័យ និងប្រព័ន្ធឌីជីថល តាមរយៈការធ្វើទំនើបកម្ម ប្រព័ន្ធព័ត៌មានតាមដានជំងឺ ដើម្បីរាយការណ៍ ការវិភាគ និងការផ្សព្វផ្សាយបានទាន់ពេលវេលា។ ជាពិសេស ពង្រឹងការតភ្ជាប់ និងការប្រមូលផ្តុំទិន្នន័យរវាង ប្រព័ន្ធតាមដានផ្សេងៗ ដើម្បីគាំទ្រដល់ការសម្រេចចិត្តបានឆាប់រហ័ស និងមានប្រសិទ្ធភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14

រូបភាព Gallery
1 / 1
Gallery image