ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមជាគណៈអធិបតីបើកក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការផ្ដល់ថ្នាំបង្ការនៅមូលដ្ឋានសុខាភិបាលឯកជន នៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក។
គោលបំណងនៃសិក្ខាសាលា៖
១. ពិភាក្សា ស្វែងរកធាតុចូលសំខាន់ៗ ដែលមានប្រសិទ្ធភាព
២. បង្កើតគោលការណ៍ណែនាំ ស្តីពីការផ្តល់ថ្នាំបង្ការនៅមូលដ្ឋានសុខាភិបាល មានភាពគ្រប់ជ្រុងជ្រោយ
៣. មូលដ្ឋានសុខាភិបាលឯកជន យល់ស្របក្នុងការរៀបចំកិច្ចព្រមព្រៀង
៤. បង្កើនការសហការ និងបង្កើនអត្រាគ្របដណ្តប់ថ្នាំបង្ការ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការបានផ្ដល់ជាអនុសាសន៍ដូចខាងក្រោម៖
១. ពង្រឹងកិច្ចសហការរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជនតាមរយៈការអនុវត្តគោលណែនាំរបស់កម្មវិធីជាតិ រក្សាបណ្តាញទំនាក់ទំនង និងយន្តការសម្របសម្រួល ដើម្បីធានាបានស្តង់ដារសម្រាប់ការផ្តល់ថ្នាំបង្ការ និងការរាយការណ៍បានពេញលេញ។
២. យកចិត្តទុកដាក់លើការរក្សាស្តង់ដារគុណភាព និងសុវត្ថិភាពក្នុងការរក្សាទុកវ៉ាក់សាំង ការរៀបចំ និងការផ្តល់វ៉ាក់សាំង។
៣. ពង្រឹងការរាយការណ៍ទិន្នន័យ និងការរួមបញ្ចូលទិន្នន័យ ដើម្បីធ្វើឱ្យគុណភាពទិន្នន័យកាន់តែមានភាពពេញលេញ សម្រាប់ធ្វើការសម្រេចចិត្តផ្អែកលើភស្តុតាង។
៤. ធ្វើឱ្យប្រសើរឡើងការទទួលបានសេវា និងការលើកកម្ពស់សមធម៌ ត្រូវធ្វើយ៉ាងណាឱ្យសេវាផ្តល់ថ្នាំបង្ការនៅមូលដ្ឋានសុខាភិបាលឯកជនដំណើរការ និងមានតម្លៃសមរម្យ ជាពិសេសសម្រាប់ប្រជាជនដែលងាយរងគ្រោះ ប្រជាជនចល័ត និងក្រុមកុមារដែលមិនបានទទួលវ៉ាក់សាំងគ្រប់ចំនួន។
៥. ការលើកកម្ពស់ការយល់ដឹង ពីផលប្រយោជន៍របស់វ៉ាក់សាំង និងលើកកម្ពស់តម្រូវការ
ការបង្កើនការយល់ដឹងរបស់សាធារណជន អំពីសារៈសំខាន់នៃវ៉ាក់សាំង ការផ្តល់វ៉ាក់សាំងនៅមូលដ្ឋានសុខាភិបាលឯកជន អាចជួយបង្កើនអត្រាគ្របដណ្តប់វ៉ាក់សាំង និងលើកកម្ពស់ការជឿទុកចិត្ត។
សូមជម្រាបផងដែរថា សិក្ខាសាលានេះ មានការចូលរួមពី ឯកឧត្តមសាស្រ្តាចារ្យ សាន់ ច័ន្ទសឿន ទីប្រឹក្សាក្រសួងសុខាភិបាល, ឯកឧត្តមវេជ្ជបណ្ឌិត ជា គឹមលី ទីប្រឹក្សាក្រសួងសុខាភិបាល, លោកស្រីសាស្រ្តាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, Dr. Makiko Iijima តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា, តំណាងអង្គការ UNICEF, តំណាងអង្គការ CHAI និងលោកលោកស្រីជាតំណាងមកពីមន្ទីរសុខាភិបាល និងមូលដ្ឋានសុខាភិបាលឯកជន នៅរាជធានីភ្នំពេញ, កណ្ដាល, កំពង់ស្ពឺ, កំពង់ចាម និងតាកែវ សរុបចំនួន ៥៧រូប។