Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យ និងព្យាបាលជំងឺមហារីកមាត់ស្បូន ដោយប្រើ Colposcopy, Thermal Ablation និង LEEP ជូនដល់គ្រូពេទ្យមកពីមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​ ដើម្បីពង្រឹងគុណភាពសេវាពិនិត្យ និងព្យាបាលជំងឺមហារីកមាត់ស្បូននៅកម្ពុជា។

ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានក្រុមការងារបច្ចេកទេស ដឹកនាំកម្មវិធីពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យ និងព្យាបាលជំងឺមហារីកមាត់ស្បូន ដោយប្រើ Colposcopy, Thermal Ablation និង LEEP ជូនដល់គ្រូពេទ្យមកពីមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​ ដើម្បីពង្រឹងគុណភាពសេវាពិនិត្យ និងព្យាបាលជំងឺមហារីកមាត់ស្បូននៅកម្ពុជា។

ក្នុងឱកាសនោះដែរ អង្គការ JICA ក៏បានចូលរួមសហការរៀបចំ និងបោះពុម្ពសៀវភៅមគ្គុទេសក៍ស្តីពីការគ្រប់គ្រង ការពិនិត្យ និងការព្យាបាលជំងឺមហារីកមាត់ស្បូន ដោយប្រើ Colposcopy, Thermal Ablation និង LEEP បានប្រគល់ជូនក្រសួងសុខាភិបាល សម្រាប់ចែកជូនសិក្ខាកាមប្រើប្រាស់ជាឯកសារជំនួយស្មារតី និងជួយសម្រួលដល់ការអនុវត្តការងាររបស់មន្ត្រីសុខាភិបាល នៅទូទាំងប្រទេស។

វគ្គបណ្តុះបណ្តាលរយៈពេលសរុបទាំង៧ថ្ងៃនេះ ឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ ក្នុងការពង្រឹងសមត្ថភាព មន្ត្រីសុខាភិបាល ដែលត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ដោយគ្រូបង្គោលថ្នាក់ជាតិ ស្ថិតនៅក្រោមការដឹកនាំ វាយតម្លៃគុណភាព និងសមត្ថភាពសិក្ខាកាម ដោយសាស្ត្រាចារ្យ គាន់​ អូន ប្រធានក្រុមការងារបច្ចេកទេស ដឹកនាំកម្មវិធីពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន និងនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល ដោយមានគោលបំណងសំខាន់ក្នុងការបង្កើនចំណេះដឹង ពង្រឹងជំនាញបច្ចេកទេស ការផ្តល់ប្រឹក្សា និងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ព្រមទាំងក្រមសីលធម៍របស់គ្រូពេទ្យ ក្នុងការរកឃើញរោគសញ្ញាមុនមហារីក និងការព្យាបាលជំងឺមហារីកមាត់ស្បូន ឱ្យបានទាន់ពេលវេលា ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។

អំឡុងពេលសិក្សា សិក្ខាកាមនឹងទទួលបានទាំងចំណេះដឹងផ្នែកទ្រឹស្តី ការអនុវត្តបង្ហាញត្រាប់ (Simulation skill) និងការអនុវត្តពិនិត្យជំងឺជាក់ស្តែង នៅផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត ក្រោមការណែនាំពីគ្រូបង្គោល និងអ្នកជំនាញឯកទេស។ ការបណ្តុះបណ្តាលផ្តោតលើការប្រើប្រាស់ឧបករណ៍ Colposcopy សម្រាប់ការពិនិត្យវិនិច្ឆ័យ ការប្រើវិធីសាស្ត្រ Thermal Ablation សម្រាប់ព្យាបាលកោសិកាមិនប្រក្រតីមុនមហារីក និងបច្ចេកទេស LEEP សម្រាប់ការព្យាបាលអ្នកជំងឺ ដែលត្រូវការអន្តរាគមន៍ជាក់លាក់។

ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវសាស្ត្រាចារ្យ បានគូសបញ្ជាក់ថា ជំងឺមហារីកមាត់ស្បូននៅតែជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់មួយ ដែលប៉ះពាល់ដល់សុខភាពស្ត្រីជាច្រើន ដូច្នេះ ការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ក្នុងការពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់ ដែលបណ្តាលមកពីជំងឺមហារីក។លោកជំទាវសាស្រ្តាចារ្យ ក៏បានណែនាំឱ្យសិក្ខាកាមទាំងអស់ខិតខំសិក្សារៀនសូត្រ យកចិត្តទុកដាក់ទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ ដើម្បីទទួលបានចំណេះដឹង និងជំនាញពេញលេញ ព្រមទាំងយកចំណេះដឹងដែលទទួលបាន ទៅអនុវត្តនៅតាមមូលដ្ឋានសុខាភិបាលរបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងការគោរពសិទ្ធិឯកជនភាពរបស់អ្នកជំងឺ។

តាមការរំពឹងទុក បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ គ្រូពេទ្យដែលបានចូលរួមនឹងអាចអនុវត្តបច្ចេកទេសទំនើបទាំងនេះ ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់ ដែលនឹងជួយពង្រីកការផ្តល់សេវាពិនិត្យ និងព្យាបាលឱ្យកាន់តែទូលំទូលាយ និងងាយស្រួលដល់ស្ត្រីនៅតាមបណ្តាខេត្តនានា។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងគុណភាពសេវាសុខាភិបាល និងគាំទ្រដល់គោលនយោបាយជាតិ ក្នុងការកាត់បន្ថយបន្ទុកជំងឺមហារីកមាត់ស្បូន សំដៅលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ស្ត្រីកម្ពុជា។

នៅក្នុងពិធិបិទវគ្គនោះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានចែកជូន​ម៉ាស៊ីន​ Colposcopy, Thermal ablation និង LEEP ដល់មន្ទីរពេទ្យថ្នាក់ជាតិចំនួន៨ និងថ្នាក់ខេត្តចំនួន ៧ (៦មន្ទីរពេទ្យគាំទ្រដោយគម្រោង H-EQIP 2 និង១មន្ទីរពេទ្យគាំទ្រដោយគម្រោង WHO)។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងមានចំនួន៥ថ្ងៃ ​ដោយផ្តោតលើបច្ចេកទេសពិនិត្យ​ព្យាបាល និងបន្ថែមចំនួន ២ថ្ងៃទៀត​ សម្រាប់គ្រូពេទ្យ និងឆ្មប ដើម្បីធ្វើការងារជាក្រុមសម្រាប់​ការថែទាំឧបករណ៍លាងសម្អាត ការការពារការឆ្លងរោគ និងការផ្តល់ប្រឹក្សានៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ជាអនុរដ្ឋលេខាធិការ ទីប្រឹក្សា តំណាងអង្គការដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ និងគ្រូពេទ្យមកពីមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត សរុបចំនួន ៦៨នាក់ ដោយមានការគាំទ្រថវិកា និងបច្ចេកទេស ពីគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2)

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20

រូបភាព Gallery
1 / 1
Gallery image