ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៦
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ គណៈប្រតិភូមូលនិធិគន្ធបុប្ផាស្វីស គណៈគ្រប់គ្រង លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងសួរសុខទុក្ខអាណាព្យាបាលរួមជាមួយកុមារ ក្នុងពិធីប្រគល់-ទទួលថវិកាបរិច្ចាគចំនួន ១លាន ដុល្លារសហរដ្ឋអាមេរិក ពីក្រុមហ៊ុន ជីប ម៉ុង ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍សួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនគណៈគ្រប់គ្រង លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យ អាណាព្យាបាលនិងកូនៗ រួមទាំងអង្គពិធីទាំងមូលដោយក្តីនឹករឭក។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍បន្ថែមថា មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ ជាពិសេស គ្រួសារដែលមានលទ្ធភាពខ្វះខាត។ កន្លែងនេះ គឺជាកន្លែងដែលផ្តល់សេវាពិនិត្យព្យាបាលដែលមានគុណភាព ដោយគ្មានការរើសអើង ស្មើភាពគ្នា និងជួយសង្គ្រោះអាយុជីវិតគ្រប់ៗគ្នា។
ជាទីបញ្ចប់ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សប្បុរសជនទាំងអស់ដែលបានបរិច្ចាគទាំងថវិកា ទាំងកម្លាំងស្មារតី ហើយក៏សូមអំពាវនាវមហាជនបន្តចូលរួមបន្ថែមទៀត ដើម្បីផ្តល់នូវក្តីសង្ឃឹម និងជួយព្យាបាលដល់កុមារកម្ពុជាជាច្រើនរូបបន្ថែមទៀត ដែលនឹងក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ជាតិនាពេលអនាគត។
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦