Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការបម្រើសេវាសុខភាពបឋម នៅមណ្ឌលសុខភាពចំនួន ២៥ ក្នុងខេត្តកំពង់ធំ ជុំទី៣ ឆ្នាំ២០២៦។

ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៦

ខេត្តកំពង់ធំ៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសសេវាសុខភាពបឋម ដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអមដំណើរដោយ ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការ ប្រធាន អនុប្រធាន ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិ អាជ្ញាធរមូលដ្ឋាន មេឃុំក្រុមប្រឹក្សាឃុំ បានចុះពិនិត្យ និងវាយតម្លៃស្ថានភាពមណ្ឌលសុខភាពចំនួន ២៥ ស្ថិតក្នុងស្រុកប្រតិបត្តិចំនួន៣ រួមមាន ស្រុកប្រតិបត្តិកំពង់ធំ បារាយសន្ទុក និងស្រុកប្រតិបត្តិស្ទោង។

ការចុះពិនិត្យជុំទី៣ នេះមានគោលបំណងតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការពង្រឹង និងការបម្រើសេវាសុខភាពបឋមនៅតាមមណ្ឌលសុខភាព ព្រមទាំងកំណត់ចំណុចខ្វះខាត និងបញ្ហាប្រឈមនានា ដើម្បីផ្តល់អនុសាសន៍សម្រាប់កែលម្អការងារជាបន្តបន្ទាប់។ ការវាយតម្លៃបានផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានទូទៅ ការគ្រប់គ្រងសម្ភារៈបរិក្ខារពេទ្យ ឱសថ និងវ៉ាក់សាំង ស្ថានភាពធនធានមនុស្ស គុណភាពនៃការបម្រើសេវា ក្រមសីលធម៌ និងយន្តការអភិបាលកិច្ចនៅមូលដ្ឋាន ដើម្បីធានាឱ្យការផ្តល់សេវាសុខាភិបាល មានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។

ក្រុមការងារបានគូសបញ្ជាក់ថា ការផ្តល់សេវាសុខាភិបាលល្អ មិនអាស្រ័យតែលើសមត្ថភាពបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែត្រូវភ្ជាប់ជាមួយសីលធម៌វិជ្ជាជីវៈ អាកប្បកិរិយាសមរម្យ ការទំនាក់ទំនងល្អ និងការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ដើម្បីបង្កើនការពេញចិត្ត និងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើសេវាសុខាភិបាលសាធារណៈ។

តាមរយៈការចុះពិនិត្យនេះ ក្រុមការងារសង្កេតឃើញថាមណ្ឌលសុខភាពកំពុងទទួលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន គណៈកម្មការទ្រទ្រង់មណ្ឌលសុខភាព និងការចូលរួមរបស់សហគមន៍ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការអនុវត្តសកម្មភាពសុខភាពបឋម និងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការថែទាំសុខភាព ការបង្ការ និងការស្វែងរកសេវាព្យាបាលត្រឹមត្រូវតាមគោលការណ៍វិទ្យាសាស្ត្រវេជ្ជសាស្ត្រ។

ជាលទ្ធផល ក្រុមការងារវាយតម្លៃថា មណ្ឌលសុខភាពភាគច្រើនក្នុងខេត្តកំពង់ធំ បានបង្ហាញនូវវឌ្ឍនភាពល្អប្រសើរលើការគ្រប់គ្រង ការរៀបចំបរិស្ថាន និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ លទ្ធផលទាំងនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកសុខាភិបាល និងកិច្ចសហការល្អរវាងមន្ទីរសុខាភិបាល ស្រុកប្រតិបត្តិ អាជ្ញាធរមូលដ្ឋាន គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងសហគមន៍ ក្នុងការរួមគ្នាលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន។

មណ្ឌលសុខភាពទាំង ២៥ ដែលបានចុះពិនិត្យរួមមាន៖
១.មណ្ឌលសុខភាពកកោះ
២.មណ្ឌលសុខភាពត្បូងក្រពើ
៣.មណ្ឌលសុខភាពស្រយ៉ូវ
៤.មណ្ឌលសុខភាពដំរីជាន់ខ្លា
៥.មណ្ឌលសុខភាពអាចារ្យលាក់
៦.មណ្ឌលសុខភាពព្រៃប្រស់
៧.មណ្ឌលសុខភាពសាន់គ
៨.មណ្ឌលសុខភាពដំរីស្លាប់
៩.មណ្ឌលសុខភាពប្រាំយាម
១០.មណ្ឌលសុខភាពកំពង់គោ
១១.មណ្ឌលសុខភាពតាំងគោក
១២.មណ្ឌលសុខភាពប្រតោង
១៣.មណ្ឌលសុខភាពស្រឡៅ
១៤.មណ្ឌលសុខភាពល្អក់
១៥.មណ្ឌលសុខភាពកំពង់ថ្ម
១៦.មណ្ឌលសុខភាពប្រាសាទ
១៧.មណ្ឌលសុខភាពតាំងក្រសាំង
១៨.មណ្ឌលសុខភាពស្ទោង
១៩.មណ្ឌលសុខភាពម្សាក្រង
២០.មណ្ឌលសុខភាពប្រឡាយ
២១.មណ្ឌលសុខភាពពពក
២២.មណ្ឌលសុខភាពសម្តេចឪ ក្រយាសាគ្រាម
២៣.មណ្ឌលសុខភាពដូង
២៤.មណ្ឌលសុខភាពបន្ទាយស្ទោង និង
២៥.មណ្ឌលសុខភាពទ្រា។

ជាមួយគ្នានេះ ក្រុមការងារបានរំលឹកនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានសង្កត់ធ្ងន់លើការលើកកម្ពស់គុណភាព សុវត្ថិភាព សីលធម៌វិជ្ជាជីវៈ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធសុខាភិបាលជាតិ។ ទន្ទឹមនឹងការពង្រឹងសេវាសុខភាពបឋម ក្រសួងសុខាភិបាល ក៏បន្តជំរុញការអប់រំសុខភាពដល់ប្រជាពលរដ្ឋឱ្យប្រើប្រាស់ព័ត៌មានសុខភាពត្រឹមត្រូវ និងស្វែងរកការព្យាបាលស្របតាមវិទ្យាសាស្ត្រវេជ្ជសាស្ត្រ។ ការកសាងទំនុកចិត្តលើសេវាសុខាភិបាលក្នុងប្រទេស គឺជាមូលដ្ឋានសំខាន់ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាព ស្របតាមគោលដៅនៃការគ្របដណ្តប់សុខភាពជាសកល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image