ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិសុខភាពសាធារណៈ សហការជាមួយអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យកុមារអង្គរ អង្គការខាណា និងសាកលវិទ្យាល័យជាតិសិង្ហបុរី បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការពិនិត្យសម្រេចចុងក្រោយលើកញ្ចប់អន្តរាគមន៍ នៃគម្រោងការកាត់បន្ថយការប្រើប្រាស់មិនសមស្របឱសថប្រឆាំងមេរោគ ដែលស្របនឹងបរិបទជាក់ស្តែងនៅមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖
១)បង្ហាញលទ្ធផលគន្លឹះនៃការវិភាគស្ថានភាព និងការវាយតម្លៃដើមគ្រា ដែលបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យដែលបានជ្រើសរើស
២)ពិនិត្យ និងផ្ទៀងផ្ទាត់ សេចក្តីព្រាងតួនាទី និងភារកិច្ច (TOR) និងសេចក្តីព្រាងនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់គម្រោង AMS-HICAP
៣)ពិនិត្យ និងពិគ្រោះយោបល់លើកម្មវិធីសិក្សា សម្រាប់វគ្គបណ្តុះបណ្តាល ដែលបានរៀបចំឡើងស្របតាមបរិបទជាក់ស្តែងរបស់មន្ទីរពេទ្យ
៤)កែសម្រួលកញ្ចប់អន្តរាគមន៍ AMS នៅក្នុងមន្ទីរពេទ្យ ឱ្យមានលក្ខណៈអនុវត្តបាន និងមាននិរន្តរភាព ។
ក្នុងឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត បានផ្តល់អនុសាសន៍សំខាន់ៗ ដោយជំរុញ និងលើកទឹកចិត្តដល់មន្ទីរពេទ្យទាំង៦ ឱ្យចូលរួមអនុវត្តគម្រោង AMS-HICAP ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ដើម្បីពង្រឹងគុណភាពប្រព័ន្ធសុខាភិបាល លើកកម្ពស់ការប្រើប្រាស់ឱសថប្រឆាំងមេរោគ ប្រកបដោយសមស្រប និងធានាប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកជំងឺ។
ជាមួយគ្នានេះ ឯកឧត្តមវេជ្ជបណ្ឌិតក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងសកម្មរបស់មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យកុមារអង្គរ អង្គការខាណា និងសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) ក្នុងការគាំទ្រ និងជំរុញការអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ។ ទន្ទឹមនឹងនេះ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណដល់អង្គការ ICARS (International Centre for Antimicrobial Resistance Solutions) ដែលបានផ្តល់ទាំងការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់ការអនុវត្តគម្រោង AMS-HICAP នៅកម្ពុជា។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោកស្រីសាស្រ្តាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយករងបច្ចេកទេសសុខាភិបាល លោកសាស្រ្តាចារ្យរង អ៊ា ប៉ នាយករងវិទ្យាស្ថានជាតិសុខភាពសាធារណៈ លោក លោកស្រីអញ្ជើញមកពី នាយកដ្ឋានសេវាសុខភាព នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង វិទ្យាស្ថានជាតិសុខភាពសាធារណៈ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យកុមារអង្គរ អង្គការខាណា សាកលវិទ្យាល័យជាតិសិង្ហបុរី និងមន្ទីរពេទ្យជាតិ និងខេត្តចំនួន៦ ដែលចូលរួមអនុវត្តគម្រោងនេះរួមមាន៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ មន្ទីរពេទ្យជាតិតេជោសន្តិភាព មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។