ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៦
ខេត្តសៀមរាប៖ ព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោង SPESHP បានអញ្ជើញចូលរួម និងដឹកនាំសិក្ខាសាលា ស្តីពីការរៀបចំផែនការប្រតិបត្តិឆមាសទី២ ឆ្នាំ២០២៦ និងផែនការប្រចាំឆ្នាំ២០២៧ នៃគម្រោងSPESHP នៅសណ្ឋាគារព្រីនអង្គរ។
សិក្ខាសាលារយៈពេល ២ថ្ងៃនេះ មានគោលបំណងរៀបចំផែនការសកម្មភាព និងផែនការថវិកា ឆមាសទី២ ឆ្នាំ២០២៦ និងរៀបចំផែនការថវិកា ឆ្នាំ២០២៧ របស់គម្រោង។ ក្នុងនោះដែរក៏មានរបៀបវារៈសរុបបញ្ចប់បេសកកម្ម របស់ធនាគារពិភពលោក (ISM) ដែលបានចុះមកបំពេញបេសកកម្ម កាលពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។
នៅថ្ងៃទី១ នៃអង្គសិក្ខាសាលា ត្រូវបានចូលរួមដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាប្រធានគម្រោងទទួលបន្ទុកបច្ចេកទេស។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមដោយ លោកវេជ្ជបណ្ឌិត Sang Minh Le តំណាងធនាគារពិភពលោក លោកស្រី ហ៊ុល ស៊ីវ៉ាន់ថា តំណាង KfW ឯកឧត្តមសាស្ត្រាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង សេនា ទីប្រឹក្សាក្រសួងសុខាភិបាល ថ្នាក់ដឹកនាំគម្រោង SPESHP សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគទាំង៤ តំណាងប្រធានផ្នែកនានា ទីប្រឹក្សា និងជំនួយការបច្ចេកទេស នៃគម្រោង។