ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងសហការី បានចុះអភិបាលការងារគ្រប់គ្រងឱសថ នៅមន្ទីរពេទ្យបង្អែកកម្រិត(CPA1) និងមន្ទីរពេទ្យកម្រិត(CPA3) ក្នុងរាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១)អនាម័យក្នុង និងក្រៅឃ្លាំងឱសថ
២)ការងាររៀបចំទុកដាក់ឱសថតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល
៣)ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ
៤)ការងារគ្រប់គ្រងឱសថញៀននៅក្នុងមន្ទីរពេទ្យ(CPA3)
៥)ការងារគ្រប់គ្រងឱសថនៅមន្ទីរពេទ្យបង្អែកកម្រិត(CPA1) និងមន្ទីរពេទ្យកម្រិត(CPA3)។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី បុគ្គលិក នៅមន្ទីរពេទ្យបង្អែកកម្រិត(CPA1) និងមន្ទីរពេទ្យកម្រិត(CPA3) នៅក្នុងរាជធានីភ្នំពេញ ដែលបានខិតខំបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ព្រមជាមួយការណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ ត្រូវបន្តស្មារតីរួបរួមសាមគ្គីគ្នា ចេះជួយគ្នា ចេះសម្របសម្រួលការងារឱ្យបានល្អប្រសើរគោរពវិន័យការងារ ក្នុងការព្យាបាលជំងឺ និងត្រូវបម្រើសេវាឱ្យបានគ្រប់ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ គោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ដើម្បីបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។
គួរបញ្ជាក់ផងដែរថា ទីតាំងដែលចុះអភិបាលមានដូចជា៖
១.ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកមានជ័យ (CPA1)
២.ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកច្បារអំពៅ (CPA1)
៣.ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកចតុមុខ(CPA1)
៤.ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកសម្ដេចឪ- សម្ដេចម៉ែ(CPA1)
៥.ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកព្រែកព្នៅ (CPA1)
៦.ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាចិនសែនសុខ (CPA1)
៧.ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង (CPA1)
៨.ឃ្លាំងឱសថមន្ទីរពេទ្យបង្អែកដង្កោ (CPA1)
៩.ឃ្លាំងឱសថមន្ទីរពេទ្យរាជធានីភ្នំពេញ(CPA3)។