ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ពង្រឹងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០២ បប ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ស្តីពីវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បង្កើនការយល់ដឹងអំពីផលប៉ះពាល់ នៃផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ ព្រមទាំងជំរុញការអប់រំផ្សព្វផ្សាយ និងពង្រឹងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ ០២ បប ដើម្បីការពារសុខភាពប្រជាពលរដ្ឋ ជាពិសេសកុមារ និងយុវជន ពីហានិភ័យនៃការប្រើប្រាស់បារីអេឡិចត្រូនិក ផលិតផលអេចឆ៍ធីភី (HTPs) និងស៊ីស្សា។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការពង្រឹងកិច្ចសហការរវាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ក្នុងការអនុវត្តលិខិតបទដ្ឋានគតិយុត្តនានា ឱ្យមានប្រសិទ្ធភាព ព្រមទាំងអំពាវនាវឱ្យក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ បន្តជំរុញការអប់រំផ្សព្វផ្សាយដល់សាធារណៈជន អំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ ដើម្បីរួមចំណែកការពារសុខភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលធនមនុស្សប្រកបដោយចីរភាព។
សិក្ខាសាលានេះ មានការចូលរួមពី ឯកឧត្តម ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល អគ្គរងបច្ចេកទេសសុខាភិបាល អគ្គរងលេខាធិការដ្ឋាន តំណាងនាយកដ្ឋានពាក់ព័ន្ធ មជ្ឈមណ្ឌលជាតិ ឃ្លាំងឱសថកណ្ដាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល វិទ្យាស្ថានជាតិសុខភាពសាធារណៈ មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង ២៥ អង្គការសុខភាពពិភពលោក និងអង្គការចលនាដើម្បីសុខភាព សរុបចំនួន ៦០រូប។