ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៦
ខេត្តព្រះសីហនុ៖ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមសាស្ត្រាចារ្យ សាន់ ច័ន្ទសឿន ទីប្រឹក្សាក្រសួង ព្រមទាំងក្រុមការងារបច្ចេកទេស នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុបានចុះទៅពិនិត្យស្ថានភាព មណ្ឌលសុខភាព មួយចំនួននៅក្នុងខេត្តព្រះសីហនុ។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីជួយគាំទ្រ ជំរុញ លើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាព ក្នុងការបម្រើសេវា ថែទាំ និងព្យាបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ សក្តិសិទ្ធភាព និងសមធម៌។
បេសកកម្មនេះ ក្រុមការងារបានពិនិត្យការងារជារួមដោយសង្កត់ធ្ងន់លើ៖
១-ហេដ្ឋារចនាសម្ព័ន្ធស្ថានភាព អគារ បន្ទប់បម្រើសេវា និងបរិស្ថានទូទៅក្នុង ជុំវិញមណ្ឌលសុខភាព
២-ធនធានមនុស្សវិស័យសុខាភិបាល ដោយពង្រឹងសមត្ថភាព បុគ្គលិក និងការគ្រប់គ្រងធនធានមនុស្ស
៣-ការគ្រប់គ្រង ការចែកចាយ ការថែទាំ ឱសថ និងវ៉ាក់សាំងរួមទាំងការ បំពាក់សម្ភារះបរិក្ខារពេទ្យបន្ថែម និងការថែទាំ
៤-លទ្ធភាពគ្រប់គ្រងក្នុងការបម្រើសេវាជូនដល់ប្រជាពលរដ្ឋ
៥-ការបំពេញការងារប្រចាំការ និងបម្រើសេវា២៤ម៉ោង/ ២៤ម៉ោង ៧ថ្ងៃ/សប្តាហ៍
៦-ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ ពិសេស មធ្យោបាយសេវាបញ្ជូន និងប្រព័ន្ធទំនាក់ទំនង
៧-ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ
៨-ការធ្វើបដិសណ្ឋារកិច្ច ក្នុងការបម្រើសេវាសុខភាពផ្សេងៗ ជូនដល់ប្រជាពលរដ្ឋ
៩-ការបណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេស និងប្រព័ន្ធឌីជីថល
១០-ការងារសហការជាមួយ មូលនិធិគាំពារសង្គម(បសស និង មូលនិធិសមធម៌)
១១-ការគ្រប់គ្រង ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ព្រមទាំងថ្លែង អំណរគុណ ដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំ បម្រើសេវាសុខភាពដោយបេះដូង ថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន។
គួរបញ្ជាក់ផងដែរថា មណ្ឌលសុខភាពដែលចុះត្រួតពិនិត្យមាន ដូចជា មណ្ឌលសុខភាព ហ៊ុនសែនសន្តិភាព ជើងគោ វាលរេញ ទួលទទឹង អូរជ្រៅ និងអូរឧកញ៉ាហេង។