ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២៦
ថ្ងៃអង្គារ៩ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោម ឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធ វីដេអូសន្និសីទ(Zoom) វគ្គទី១២០ អ្នកចូលរួមសរុបចំនួន ២ ៩២៦នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកឡើងវិញនូវការតាំងចិត្តរបស់អង្គសុខាភិបាលដែលបានអះអាងចំពោះមុខប្រមុខរាជរដ្ឋាភិបាលក្នុងការបម្រើសុខភាពប្រជាជន ដោយពេញចិត្តពេញថ្លើម មានទំនុកចិត្ត និងប្រកបដោយភាពម៉ឺងម៉ាត់ និងមានវិន័យ។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលយកជំនាញរបស់ខ្លួនមកបម្រើប្រជាពលរដ្ឋ រហូតដល់ទទួលបានទំនុកចិត្ត និងមានការប្រែប្រួលជាវិជ្ជមាន នេះត្រូវបានកត់សំគាល់ដោយការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្រ្តមួយ ដែលបានធ្វើឡើងដោយភ្នាក់ងារអន្តរជាតិមួយនៅកម្ពុជា ក្នុងឆ្នាំ២០២៥កន្លងមកនេះ។ ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទទាក់ទងនឹងការធ្វើផែនការមកបកស្រាយ ដោយផ្តោតទៅលើដំណើរការនៃការធ្វើផែនការឱ្យមានលក្ខណៈជាក់ស្តែងនិងអាចអនុវត្តបាន នៅក្នុងវិស័យសុខាភិបាលកម្ពុជា រួមទាំងលក្ខខណ្ឌចាំបាច់មួយចំនួន ដើម្បីអាចឱ្យអង្គភាពយកផែនការដែលបានរៀបចំនោះទៅអនុវត្តបានដោយជោគជ័យ។
ជាកិច្ចបន្តក្រុមការងារមណ្ឌលសុខភាពបឹងបត់កណ្តោល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់បានធ្វើបទបង្ហាញចែករំលែកសមិទ្ធិផលការងារបស់ខ្លួន រហូតក្លាយទៅជាមណ្ឌលសុខភាពគំរូមួយ។មណ្ឌលសុខភាពបឹងបត់កណ្តោល បានបង្ហាញពីគំនិតផ្តួចផ្តើមរបស់ខ្លួន ក្នុងការរៀបចំសេវាឱ្យមានភាព ងាយស្រួលសម្រាប់ពលរដ្ឋ និងព្យាយាមជួយកាត់បន្ថយកង្វល់របស់អ្នកជំងឺបន្ថែមពីលើការបម្រើសេវាព្យាបាលជំងឺ ដែលការអនុវត្តនេះស្របគ្នាទៅនឹងគោលនយោបាយរបស់ក្រសួងសុខាភិបាល ដែលជំរុញឱ្យមន្រ្តីសុខាភិបាល ធ្វើការព្យាបាលទាំងជំងឺ និងព្យាបាលកង្វល់របស់អ្នកជំងឺ ព្រមទាំងផ្តល់ក្តីសង្ឃឹមជូនអ្នកជំងឺ និងក្រុមគ្រួសារ។