Cambodia
ព័ត៌មានលំអិត

Image
ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០’’ ។

ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមដោយផ្ទាល់ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០’’ នៅសណ្ឋាគាររ៉េស៊ីដង់ សុខា ភ្នំពេញ និងមន្រ្តីបច្ចេកទេសក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាលចំនួន៤ រូបទៀតចូលរួមតាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។
 
កម្មវិធីនេះមានគោលបំណងបង្កើតកម្លាំងរួម ក្នុងការអនុវត្តកម្មវិធីភាពជាអ្នកដឹកនាំ របស់ក្មេងស្រី និងការលើកកម្ពស់ការចូលរួម ពីដៃគូ និងអ្នកពាក់ព័ន្ធ លើគោលបំណងរួម ក្នុងការលើកកម្ពស់បរិយាកាសអំណោយផល ប្រកបដោយបរិយាបន្ន ដែលអនុញ្ញាតឱ្យក្មេងស្រីបានបណ្ដុះ និងអភិវឌ្ឍភាពជាអ្នកដឹកនាំ ដើម្បីក្លាយជាមូលធនមនុស្ស និងពង្រឹង ភាពជាពលរដ្ឋក្នុងសង្គម។
 
កម្មវិធីនេះមានលទ្ធផលរំពឹងទុកដូចខាងក្រោម៖
-ខ្លឹមសារសំខាន់ៗ និងអន្តរាគមន៍គន្លឹះ របស់កម្មវិធី «ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី» រួមទាំង កញ្ចប់សម្ភារៈដែលពាក់ព័ន្ធ និងបានផ្សព្វផ្សាយទូលំទូលាយ ជាមួយដៃគូពាក់ព័ន្ធ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គទូត អង្គការសង្គមស៊ីវិល វិស័យឯកជន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
-អ្នកចូលរួមទទួលបានព័ត៌មាន ស្តីពីការប្តេជ្ញាចិត្ត និងសន្ទុះចិត្តរួមគ្នាពីដៃគូពាក់ព័ន្ធ ក្នុងការអនុវត្តកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី និងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាច ដល់ស្ត្រី និងក្មេងស្រីនៅកម្ពុជា។
 
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះមានសមាសភាពចូលរួមដោយផ្ទាល់ប្រមាណ ១៥០នាក់ រួមមានថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃក្រសួងកិច្ចការនារី ប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រតាមក្រសួង ស្ថាប័ន តំណាងស្ថានទូត ដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ សង្គមស៊ីវិល វិស័យឯកជន និងដៃគូពាក់ព័ន្ធនានា តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សមាគមកាយឫទ្ធិនារីកម្ពុជា កាកបាទក្រហមកម្ពុជា ក្រុមចលនាទម្លុះ (Breakthrough) តំណាងសាកលវិទ្យាល័យ និងយុវជនស្ម័គ្រចិត្ត តំណាងយុវជនក្លឹបក្មេងស្រី ទូតសុឆន្ទៈយេនឌ័រ (GEA) ក្មេងស្រី នៃកម្មវិធីបំពេញតួនាទីជំនួស និងក្មេងស្រីដែលមានសក្តានុពលនៅក្នុងវិស័យផ្សេងៗ មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង និងមេឃុំសាមឃួយ និងចូលរួមតាមប្រព័ន្ធអនឡាញ ប្រមាណ ១ ០០០នាក់។

Image 1
Image 2
Image 3
Image 4
Image 5

រូបភាព Gallery
1 / 1
Gallery image