ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៦
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន» ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងកៀរគរកម្លាំងសរុប និងការប្តេជ្ញាចិត្តរួមគ្នាពីស្ថាប័ន ក្រសួងពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល និង វិស័យឯកជន ដើម្បីលុបបំបាត់គ្រោះថ្នាក់នៃគ្រឿងញៀនពីសហគមន៍។
ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយប្ដូរពីគោលការណ៍នៃ«ការវែកចក» ទៅជាគោលការណ៍ «សំអាតចកចេញពីបឹង» និងបានធ្វើការក្រើនរំលឹកឱ្យបន្តពង្រឹងគុណភាពនៃសេវាព្យាបាលអ្នកញៀនគ្រឿងញៀនប្រកបដោយទំនួលខុសត្រូវ និងគុណធម៌ ដើម្បីសង្គមជាតិ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអញ្ជើញអមដំណើរ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក្នុងការទស្សនកិច្ចស្តង់តាំងពិព័រណ៍របស់ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃក្រសួងសុខាភិបាល ព្រមទាំងស្តង់របស់ស្ថាប័នពាក់ព័ន្ធនានា។ ការទស្សនកិច្ចនេះ បានបង្ហាញឱ្យឃើញពីសមិទ្ធផល ការងារអប់រំផ្សព្វផ្សាយ និងសេវាព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលបានចូលរួមក្នុងការប្រយុទ្ធប្រឆាំគ្រឿងញៀនយ៉ាងសកម្ម។
រាជធានីភ្នំពេញ៖ នៅសាលមហោស្រពកោះពេជ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦