Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦

ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងសុខាភិបាល អមដោយ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានចូលរួម “កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦” នៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។

កិច្ចប្រជុំមានគោលបំណង៖
១) ពិនិត្យ និងវាយតម្លៃរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាព នៃការងារប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់រយៈពេល ៦ខែ ដើមឆ្នាំ២០២៦
២) ប្រមូល និងពិភាក្សាលើធាតុចូល ព្រមទាំងអនុសាសន៍នានា ពីសមាជិក សមាជិកាដែលបានចូលរួម។

ក្នុងនេះដែរ អង្គប្រជុំ មានការចូលរួមពិភាក្សា និងផ្តល់យោបល់យ៉ាងផុលផុស ដោយនៅទីបញ្ចប់អង្គប្រជុំបានសម្រេចជាលទ្ធផល៖ ១) ឯកភាពអនុម័តជាគោលការណ៍ លើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០២៥ កន្លងទៅ និង ២) ឯកភាពដាក់ចេញនូវសេចក្តីសម្រេចចិត្ត នៃកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៦ នេះ ដើម្បីជាត្រីវិស័យសម្រាប់ការងារបន្ត។

កិច្ចប្រជុំពេញអង្គនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានគណៈកម្មការអេដស៍ ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន ព្រមទាំងប្រធានលេខាធិការដ្ឋានអេដស៍រាជធានី ខេត្ត អង្គការជាតិ និងអន្តរជាតិ អង្គការសង្គមស៊ីវិល និងបណ្តាញអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ១៨០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

រូបភាព Gallery
1 / 1
Gallery image