ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ រសៀល ថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការជាតិ ភស្តុភារកម្ម បានចូលរួមកិច្ចប្រជុំ គណៈកម្មាធិការជាតិភស្តុភារកម្មលើកទី១២ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម។
គោលបំណងដើម្បីពិនិត្យ និងផ្តល់យោបល់ ក្នុងក្របខណ្ឌគណៈកម្មាធិការជាតិ ភស្តុភារកម្ម លើសេចក្តីព្រាងច្បាប់ស្ដីពីភស្តភារកម្ម ដើម្បីធានាថា ខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ មានភាពគ្រប់ជ្រុងជ្រោយ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល និងអនុលោមទៅតាមឧត្តមានុវត្តន៍អន្តរជាតិ ដែលនឹងក្លាយទៅជាមូលដ្ឋានគតិយុត្តដ៏សំខាន់ សម្រាប់ការពង្រឹងប្រសិទ្ធិភាព ការប្រកួតប្រជែង និងការអភិវឌ្ឍប្រកបដោយចិរភាព នៃវិស័យភស្តុភារកម្មនៅព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា ជាអនុប្រធាន សមាជិក-សមាជិកា គ.ជ. ភ មកពីក្រសួងស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍ វិស័យឯកជន ព្រមទាំងអង្គភាពពាក់ព័ន្ធ ។