ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំសិក្ខាសាលា ពិគ្រោះយោបល់លើកចុងក្រោយស្តីពី យុទ្ធសាស្រ្តសុខាភិបាលជាតិ និងផែនការមេនិម្មាបនកម្មសហគ្រាសសុខាភិបាលឌីជីថលកម្ពុជា។
សិក្ខាសាលាពេញមួយថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ផ្ទៀងផ្ទាត់ និងប្រមូលធាតុចូលចុងក្រោយ លើសេចក្តីព្រាងយុទ្ធសាស្រ្តសុខាភិបាលឌីជីថលជាតិ និងផែនការមេនិម្មាបនកម្មសុខាភិបាលឌីជិថលកម្ពុជា ២០២៧-២០៣៥ ដើម្បីរៀបចំ «ប្រព័ន្ធអេកូឡូស៊ីសុខាភិបាលឌីជីថលមួយ ដែលមានភាពធន់ និងអាចអន្តរប្រតិបត្តិការបាន (Interoperable)»។
ការដាក់ចេញនូវយុទ្ធសាស្ត្រ និងប្លង់មេនេះ គឺជាការបោះជំហានដ៏ធំមួយ ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការកសាងសង្គម និងសេដ្ឋកិច្ចឌីជីថល ព្រមទាំងជួយពន្លឿន ការឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) ដើម្បីធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវបានទុកចោលឡើយ។
សិក្ខាសាលានេះ ក៏មានការចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ហុក គីមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា តំណាងក្រសួង ស្ថានប័ន មជ្ឈមណ្ឌលជាតិ មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលរាជធានី ខេត្ត នាយកដ្ឋានពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សរុបចូលរួមដោយផ្ទាល់ចំនួន ៨៩រូប និងតាមប្រ័ន្ធនិម្មិត ១០៣រូប។