ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអប់រំ និងលើកកម្ពស់សុខភាព បានអញ្ជើញដឹកនាំ «កិច្ចប្រជុំក្រុមមន្ត្រីបង្គោលសម្រាប់ការងារអប់រំសុខភាព និងលើកកម្ពស់សុខភាពលើកទី២៨» ដែលបានប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព (NCHP)។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពការងារ ពិនិត្យលទ្ធផលសម្រេចបាន និងពិភាក្សាផ្តល់យោបល់លើខ្លឹមសារនៃសារអប់រំសុខភាព ដែលបានបទបង្ហាញដោយមន្ត្រីបង្គោល នៃនាយកដ្ឋាន/អង្គភាពជំនាញ ទៅតាមរបៀបវារៈ ដូចតទៅ៖
១.បទបង្ហាញស្តីពីវឌ្ឍនភាពការងារអប់រំ និងលើកកម្ពស់សុខភាព របស់នាយកដ្ឋាន សុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន
២.បទបង្ហាញស្តីពីវឌ្ឍនភាព សំភារៈអប់រំសុខភាពស្ដីពី Know your number របស់មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព (NCHP)
៣.បទបង្ហាញស្តីពីវឌ្ឍនភាពសម្ភារអប់រំសុខភាព ស្ដីពីជំងឺទឹកនោមផ្អែម
៤.កិច្ចពិភាក្សាលើស្ពតវីដេអូសារអប់រំសុខភាព ស្តីពីការឆ្លងជំងឺផ្ដាសាយបក្សី បង្ហាញដោយតំណាងអង្គការដៃគូរFHI។
ដើម្បីជំរុញការងារអប់រំ និងលើកកម្ពស់សុខភាពឱ្យកាន់តែស៊ីជម្រៅ និងឆ្លើយតបបានទាន់ពេលវេលា លោកជំទាវវេជ្ជបណ្ឌិតបានផ្តល់នូវអនុសាសន៍ណែនាំគន្លឹះៗ និងបានបញ្ជ្រាបនូវការណែនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានដាក់ចេញក្នុងកិច្ចប្រជុំប្រចាំខែកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ ដើម្បីឱ្យគ្រប់អង្គភាពពាក់ព័ន្ធយកទៅអនុវត្តបន្តផងដែរ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបង្គោលសរុបចំនួន ២៥នាក់ មកពីអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានការពារសុខភាព នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នាយកដ្ឋានសេវាសុខភាព នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ព្រមទាំងតំណាងអង្គការដៃគូសុខាភិបាល។