Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្ត ស្តីពីការគាំទ្រចិត្តសង្គម ដល់ជនរងគ្រោះដែលប៉ះទង្គិចផ្លូវចិត្ត

ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៦

ខេត្តសៀមរាប៖ ព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្ត ស្តីពីការគាំទ្រចិត្តសង្គម ដល់ជនរងគ្រោះដែលប៉ះទង្គិចផ្លូវចិត្ត ដែលរៀបចំដោយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការគាំទ្រចិត្តសង្គម និងការផ្តល់ប្រឹក្សាផ្លូវចិត្តដល់ជនរងគ្រោះដែលរងការប៉ះទង្គិចផ្លូវចិត្ត គឺជាអន្តរាគមន៍ដ៏សំខាន់ ដែលត្រូវផ្តល់ជូនប្រកបដោយគុណភាព ទាន់ពេលវេលា និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ជនរងគ្រោះ។ ក្នុងន័យនេះ ក្រសួងសុខាភិបាល តាមរយៈនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន បន្តពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់គុណភាព និងពង្រីកការផ្តល់សេវាសុខភាពផ្លូវចិត្តឱ្យកាន់តែមានប្រសិទ្ធភាព និងអាចចូលដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មក្នុងការស្តាប់ ការពិភាក្សា ការចែករំលែកបទពិសោធន៍ និងការអនុវត្តលំហាត់ជាក់ស្តែង។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា វគ្គបណ្តុះបណ្តាលនេះ មិនមែនគ្រាន់តែជាការទទួលបានចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាការត្រៀមខ្លួនដើម្បីក្លាយជាគ្រូបង្គោល និងជាអ្នកផ្តល់ការគាំទ្រចិត្តសង្គម ដែលមានសមត្ថភាព វិជ្ជាជីវៈ និងប្រកបដោយក្រមសីលធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងវិបត្តិផ្លូវចិត្ត។

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តសៀមរាប គាំទ្រថវិកាពីគម្រោងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការភ្លែនអន្តរជាតិ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ខូយ ឌី រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿង អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីសុខាភិបាលមកពីខេត្តសៀមរាប ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងកោះកុង សរុបចំនួន ៦៥នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

រូបភាព Gallery
1 / 1
Gallery image