ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតី រួមជាមួយនឹងឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ“ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ” របស់រាជរដ្ឋាភិបាលកម្ពុជា នៅទីស្ដីការក្រសួងសុខាភិបាល។
ក្នុងពិធីនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណទៅដល់ប្រមុខរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ពិសេសគោរពថ្លែងអំណរគុណទៅដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំឱ្យមានគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអនុវត្តគោលនយោបាយនេះកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានចាត់ឯកឧត្តម អ៊ូច ភា តំណាងដ៏ខ្ពង់ខ្ពស់ជាអធិបតីចូលរួមនៅក្នុងពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ“ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ” របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីតួនាទីដ៏មានសារៈសំខាន់របស់ក្រសួងសុខាភិបាល និងមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ក្នុងការចូលរួមចំណែកអនុវត្តគោលនយោបាយ“ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ” របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ ដែលជាក់ស្ដែងក្រសួងសុខាភិបាលបានរៀបចំចងក្រងឯកសារគតិយុត្ត និងគណៈកម្មការក៏ដូចជាក្រុមការងារបច្ចេកទេសពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងបន្តជំរុញអនុវត្តគោលនយោបាយនេះឱ្យកាន់តែមានប្រសិទ្ធភាព និងល្អប្រសើរបន្ថែមទៀត។
បន្ទាប់ពីក្រុមការងារក្រសួងមហាផ្ទៃធ្វើបទបង្ហាញគោលនយោបាយជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសុខាភិបាល ឯកឧត្តម អ៊ូច ភា បានធ្វើការបូកសរុប និងលើកជាអនុសាសន៍មួយចំនួនជូនអង្គពិធី។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ ប្រធាន អនុប្រធានមន្ទីរពេទ្យ ប្រធានមជ្ឈមណ្ឌលជាតិ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់រួមទាំងមន្ត្រីសុខាភិបាលនៅថ្នាក់ក្រោមជាតិដែលមានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែកគ្រប់កម្រិត និងមណ្ឌលសុខភាព ដែលមានអ្នកចូលរួមផ្ទាល់ចំនួន ២១០នាក់ និងតាមរយៈប្រព័ន្ធនិម្មិត។