Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំលើកទី២ នៃគណៈកម្មការប្រឹក្សាយោបល់លើគម្រោងសិក្សាស្រាវជ្រាវអនុវត្តស្តីពី «កាត់បន្ថយការប្រើប្រាស់មិនចាំបាច់ឱសថប្រឆាំងមេរោគ ស្របនឹងបរិបទជាក់ស្តែងមន្ទីរពេទ្យ - AMS-HICAP»

ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រឹក្សាយោបល់ នៃគម្រោង AMS-HICAP នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់ លើកទី២ លើគម្រោងសិក្សាស្រាវជ្រាវបែបអនុវត្ត AMS-HICAP ដែលកិច្ចប្រជុំនេះមានគោលបំណងជម្រាបជូនពីវឌ្ឍនភាពនៃការអនុវត្តគម្រោង AMS-HICAP ក៏ដូចជាការលើកការពិគ្រោះយោបល់ លើការដោះសា្រយបញ្ហាប្រឈមដែលកំពុងកើតមាន។

គិតមកដល់ខែមិថុនានេះ គម្រោងបានសម្រេចនូវសកម្មភាពសំខាន់ៗមួយចំនួនរួមមាន៖ ការបញ្ចប់ការវិភាគស្ថានភាពជាក់ស្តែង និងការវាយតម្លៃដើមគ្រានៅមន្ទីរពេទ្យជាតិ និងខេត្តចំនួន៦, សេចក្តីពង្រាងលើតួនាទី ភារកិច្ចរបស់ក្រុមការងារ AMS, សេចក្តីពង្រាងលើនីតិវិធីប្រតិបត្តិស្តង់ដា និងការរៀបចំកម្មវិធីសិក្សាសម្រាប់វគ្គបណ្តុះបណ្តាល AMS។

ឯកឧត្តមសាស្ត្រាចារ្យ ប្រធានគណៈកម្មការប្រឹក្សាយោបល់នៃគម្រោង បានគូសបញ្ជាក់ពីសារៈសំខាន់នៃគម្រោង AMS-HICAP ក្នុងការចូលរួមកាត់បន្ថយភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ដែលកំពុងឆ្លើយតបបរិបទសាកល និងកំពុងចូលរួមយ៉ាងសកម្មជាមួយការកំណត់គោលដៅ ដោយអង្គការសុខភាពពិភពលោក លើការលើកកម្ពស់គុណភាពសេវា និងសុវត្ថិភាពអ្នកជំងឺ ក៏ដូចជាការកាត់បន្ថយចំណាយសុខាភិបាល ដែលមិនចាំបាច់ ស្របតាមអនុសាសន៍ដ៏របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងនូវអំណរគុណ និងកោតសរសើរដល់គ្រប់អ្នកដឹកនាំសុខាភិបាល ទាំងកម្រឹតមន្ទីរពេទ្យជាតិ ទាំងកម្រឹតខេត្តចូលរួមក្នុងគម្រោង AMS-HICAP ដែលមិនអាចខកខានបានសម្រាប់កម្ពុជា និងបានស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការចូលរួមជំរុញ គាំទ្រពីសហភាតរជំនាញពីបរទេស លើការគ្រប់គ្រងភាពស៊ាំនៃថ្នាំផ្សះ។ ឯកឧត្តមបានបញ្ជាក់ជាមួយក្រុមការងារថា ការចុះពិនិត្យ គាំទ្រដោយផ្ទាល់នៅលើទីកន្លែងអនុវត្តន៍មន្ទីរពេទ្យទាំង៦ គឺជាការចាំបាច់បំផុត។

កិច្ចប្រជុំនេះមានការចូលរួមពីសមាជិក សមាជិកា របស់គណៈកម្មការប្រឹក្សាយោបល់ និងក្រុមអនុវត្តគម្រោង AMS-HICAP នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

គួរកត់សម្គាល់ផងដែរថា គម្រោង AMS-HICAP ទទួលបានការឧបត្ថម្ភហិរញ្ញវត្ថុពីអង្គការ ICARS (International Center for Antimicrobial Resistance Solutions) និងកិច្ចសហការរួមគ្នានៃអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសុខាភិបាល មន្ទីរពេទ្យកាល់ម៉ែត វិទ្យាស្ថានជាតិសុខភាពសាធារណៈ មន្ទីរពេទ្យកុមារអង្គរ អង្គការKHANA និងសាកលវិទ្យាល័យជាតិសិង្ហបុរី។ មន្ទីរពេទ្យជាតិ និងខេត្តចំនួន៦ ដែលចូលរួមអនុវត្តគម្រោងនេះរួមមាន៖
-មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ
-មន្ទីរពេទ្យជាតិតេជោសន្តិភាព
-មន្ទីរពេទ្យបង្អែកខេត្តសៀមរាប
-មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង
-មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង
-មន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image