ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ប្រចាំឆ្នាំ២០២៦ របស់សមាគមសល្យសាស្ត្រប្រព័ន្ធប្រសាទកម្ពុជា ក្រោមប្រធានបទ «ការវះកាត់ឆ្អឹងកងខ្នងដោយបច្ចេកទេសចោះ និងស្នាមរបួសតូច» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ វាគ្មិនជាតិ និងអន្តរជាតិ វេជ្ជបណ្ឌិត គ្រូពេទ្យ និងនិស្សិតវេជ្ជសាស្ត្រជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ បានវាយតម្លៃខ្ពស់ចំពោះសមាគមសល្យសាស្ត្រប្រព័ន្ធប្រសាទកម្ពុជា ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យសល្យសាស្ត្រប្រព័ន្ធប្រសាទ និងឆ្អឹងកងខ្នងនៅកម្ពុជា តាមរយៈការលើកកម្ពស់ការអប់រំបន្ត ការស្រាវជ្រាវវិទ្យាសាស្ត្រ ការផ្ទេរបច្ចេកវិទ្យា និងការពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ។
ឯកឧត្តមសាស្ត្រាចារ្យ បានលើកឡើងថា កម្ពុជាកំពុងប្រឈមមុខនឹងបន្ទុកនៃជំងឺមិនឆ្លង ព្រមទាំងការកើនឡើង នៃការរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ និងការធ្លាក់ពីទីខ្ពស់ ដែលបង្កឱ្យមានការរងរបួសខួរក្បាល និងឆ្អឹងកងខ្នងយ៉ាងធ្ងន់ធ្ងរ។ ក្នុងបរិបទនេះ ឯកទេសវះកាត់ប្រព័ន្ធប្រសាទ និងឆ្អឹងកងខ្នង មានតួនាទីសំខាន់ក្នុងការសង្គ្រោះជីវិត កាត់បន្ថយពិការភាព និងស្តារលទ្ធភាពរស់នៅរបស់អ្នកជំងឺ។
ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់ថា ក្រសួងសុខាភិបាល បន្តផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ការពង្រឹងការអប់រំបន្ត ការស្រាវជ្រាវ ការច្នៃប្រឌិត និងការផ្ទេរបច្ចេកវិទ្យាទំនើប ស្របតាមទស្សនវិស័យ Continuum of Care ដែលផ្តោតលើការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ចាប់ពីការការពារ ការសង្គ្រោះបន្ទាន់ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល រហូតដល់ការស្តារនីតិសម្បទា ដោយមិនទុកនរណាម្នាក់ចោលឡើយ។
ឯកឧត្តមសាស្ត្រាចារ្យ ក៏បានកោតសរសើរចំពោះការរៀបចំសិក្ខាសាលានេះ ដែលបានផ្តល់ទាំងចំណេះដឹងទ្រឹស្តី ការបណ្តុះបណ្តាលជាក់ស្តែង និងការផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នកជំនាញអន្តរជាតិ ដែលជាមូលដ្ឋានសំខាន់ សម្រាប់ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យ បានអបអរសាទរចំពោះសមិទ្ធផលរបស់សមាគម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាពិសេស ការដែលប្រទេសកម្ពុជាទទួលបានសិទ្ធិ ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាគមវះកាត់ប្រព័ន្ធប្រសាទអាស៊ាន នៅឆ្នាំ២០២៩ ដែលជាការបង្ហាញពីការជឿជាក់របស់សហគមន៍វេជ្ជសាស្ត្រអន្តរជាតិ លើសមត្ថភាពរបស់វេជ្ជបណ្ឌិតកម្ពុជា និងជាឱកាសដ៏មានតម្លៃក្នុងការលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។