ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៦
ខេត្តសៀមរាប៖ ព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ខូយ ឌី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្ដីពីការគាំទ្រចិត្ត សង្គម ដល់ជនរងគ្រោះ ដែលប៉ះទង្គិចផ្លូវចិត្ត ដល់មន្រ្តីសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប និងក្រុមទ្រទ្រង់សុខភាពភូមិ ដែលរៀបចំដោយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ក្នុងបរិបទបែបនេះ ការគាំទ្រចិត្តសង្គម និងការផ្តល់ប្រឹក្សាដល់អ្នកដែលមានការប៉ះទង្គិចផ្លូវចិត្ត គឺជាអន្តរាគមន៍ចាំបាច់ ដែលត្រូវផ្តល់ជូនជនរងគ្រោះប្រកបដោយ គុណភាព ទាន់ពេលវេលា និងផ្អែកលើតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ជាពិសេស កុមារ ស្ត្រី មនុស្សចាស់ជរា ជនមានពិការភាព និងក្រុមប្រជាជនងាយរងគ្រោះ គឺជាក្រុមដែលត្រូវការការយកចិត្តទុកដាក់ និងការគាំទ្រចិត្តសង្គមជាបន្ទាន់។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់នឹងអាចយកចំណេះដឹង និងជំនាញដែលទទួលបាន ទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ ដើម្បីផ្តល់ការគាំទ្រដល់អ្នកមានបញ្ហាប្រកបដោយប្រសិទ្ធភាព និងក្រមសីលធម៌ ដើម្បីចូលរួមពង្រឹងសេវាសុខភាពផ្លូវចិត្តនៅមូលដ្ឋានឱ្យកាន់តែរឹងមាំ។
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្តសៀមរាប គាំទ្រថវិកាពីអង្គការភ្លែនអន្តរជាតិ មានការចូលរួមពី មន្ត្រីសុខាភិបាលមកពីមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប និងក្រុមទ្រទ្រង់សុខភាពភូមិ សរុបចំនួន ៦០នាក់។