ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៦
ខេត្តព្រះវិហារ៖ ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះពង្រឹងមន្ទីរពេទ្យខេត្ត បានអញ្ជើញចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពការផ្ដល់សេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ។
ការចុះអភិបាលនេះមានគោលបំណងជួយគាំទ្រ លើផែនការសម្មភាពរបស់មន្ទីរពេទ្យ និងជួយពង្រឹងគុណភាព សមត្ថភាព ការបម្រើសេវាផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកអមវេជ្ជសាស្ត្រ ផ្នែកពិគ្រោះជំងឺក្រៅ និងលំហូរអ្នកជំងឺនៅក្នុងមន្ទីពេទ្យទាំងមូល រួមនឹងការពិនិត្យពង្រឹងសោភ័ណ្ឌភាពទីធ្លា អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ និងឯកសណ្ឋានរបស់បុគ្គលិក។
នៅក្នុងដំណើរចុះអភិបាលគាំទ្រនេះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការចុះពិនិត្យនៅតាមទីតាំងផ្ដល់សេវារបស់មន្ទីរពេទ្យ និងបានចូលសាកសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាល ក៏ដូចជាបុគ្គលិកសុខាភិបាល ដែលបម្រើការងារនៅមន្ទីរពេទ្យ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់ជាការណែនាំ និងអនុសាសន៍មួយចំនួន ទៅដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ឱ្យបន្តពង្រឹងការផ្ដល់សេវា ដូចជាការពន្លឿនសេវាឱ្យបានឆាប់រហ័ស និងមានគុណភាពកាន់តែល្អប្រសើរ ជាពិសេសនៅផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកសង្គ្រោះកម្រិតធ្ងន់ ត្រូវខិតខំយកចិត្តទុកដាក់រៀបចំតាម SOP ក្នុងការទទួល និងថែទាំអ្នកជំងឺដោយកំណត់ជាសូចនាករ មានរយៈពេលនៃការទទួល រយៈពេលនៃការពិនិត្យវិភាគដោយទទួលបានលទ្ធផលឆាប់រហ័ស និងត្រូវរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សា គ្រប់អ្នកជំងឺដែលមានភាពចាំបាច់ ដើម្បីទទួលបានជាគំនិតរួមក្នុងការព្យាបាលអ្នកជំងឺ។ បន្ថែមពីនេះត្រូវរៀបចំកែលម្អនូវលំហូរការងារ និងការពារការចម្លងរោគនៅក្នុងបន្ទប់វះកាត់។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណនូវការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យក៏ដូចជាក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ក្នុងការបម្រើសេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានយ៉ាងល្អប្រសើរ។