ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ សម្របសម្រួលពង្រឹងគុណភាពថែទាំ ព្យាបាល សុខមាលភាពមាតា ទារក កុមារ និងរោគស្រ្តី បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ពង្រឹងប្រព័ន្ធសុខាភិបាល ផ្នែកសុខភាពមាតា ទារក កុមារ និងរោគស្រ្តីតាមរយៈ ក្នុងគោលបំណង ដើម្បីពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា និងទារក និងការកាត់បន្ថយអត្រាមរណភាពមាតា និងទារក ទើបនឹងកើត។
ជាកិច្ចចាប់ផ្តើម លោកជំទាវសាស្រ្តាចារ្យ បានលើកអំពីសមិទ្ធិផល ដែលគណៈកម្មការបានរៀបចំកន្លងដូចជា (១)ផែនទីបង្ហាញផ្លូវ សម្រាប់ការពន្លឿនការកាត់បន្ថយមរណភាពមាតា និងទារក ឆ្នាំ២០២៥-២០៣០ (២)ពិធីសារយុទ្ធសាស្រ្តជាតិ ស្តីពីសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិនៅកម្ពុជា (៣)ពិធីសារជាតិ ការពិនិត្យមរណភាពមាតា និងទារក និងការឆ្លើយតប (៤)និយាមបែបបទប្រតិបត្តិ សម្រាប់បង្ការការចម្លងរោគអេដស៍ ស្វាយ និងរលាកថ្លើមពីម្តាយទៅកូន។
លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ បានបន្តបង្ហាញពីលទ្ធផល ដែលទទួលបានតាមរយៈកិច្ចខំប្រឹងប្រែងលើយន្តការណ៍ MPDSR ក្នុងគោលបំណងលើកកម្ពស់គុណភាព និងសុវត្ថិភាពមាតា និងទារក។ សូមមន្ទីរពេទ្យគ្រប់មូលដ្ឋានសុខាភិបាល បង្កើតក្រុមឆ្លើយតបបន្ទាន់ទៅនឹងការធ្លាក់ឈាមក្រោយសម្រាល (Rapid Response PPT team) ដើម្បីពង្រឹងក្រុមការងារឱ្យបានទាន់ពេលវេលា។ រៀបចំបង្កើតនិតិវិធីប្រតិបត្តិស្តង់ដាគាំទ្រ ដល់ការអនុវត្តដូចជា Pre-eclamsia និងផ្សេងៗទៀត។ សូមបន្តប្រើប្រាស់ការពិនិត្យផ្ទៃពោះមុនសម្រាលឱ្យបានប្រសិទ្ធភាពខ្ពស់ (ពណ៌បៃតង អាចធ្វើការសម្រាលនៅមណ្ឌលបាន ក្នុងករណីមានពណ៌លឿងត្រូវជួបគ្រូពេទ្យ និងធ្វើ Echo និងពណ៌ក្រហមត្រូវបញ្ជូនជាដាច់ខាត)។ ធ្វើការបែងចែកកម្រិតការថែទាំទារក ពង្រឹងប្រព័ន្ធបញ្ជូនឱ្យមានប្រសិទ្ធភាពខ្ពស់។ ពង្រឹងយុទ្ធសាស្ត្រ ដែលមានគោលដៅទប់ស្កាត់ការចម្លងមេរោគ (ជាពិសេសមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ) ពីម្តាយដែលមានផ្ទុកមេរោគ ទៅកាន់ទារក ក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងពេលបំបៅដោះកូន។
កិច្ចប្រជុំនេះមានការចូលរួមពី គណៈកម្មការសម្របសម្រួលពង្រឹងគុណភាពថែទាំ ព្យាបាល សុខមាលភាពមាតា ទារក កុមារ ដៃគូអភិវឌ្ឍន៍ ថ្នាក់មន្ទីរសុខាភិបាល ថ្នាក់មន្ទីរពេទ្យ សរុបចូលរួមផ្ទាល់ចំនួន ៥៥រូប និងតាមប្រព័ន្ធ Zoom ចំនួន ៧២១រូប។