ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្ទៀងផ្ទាត់ក្របខ័ណ្ឌសូចនាករការងារប្រព័ន្ធស្បៀងនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅទីស្ដីការគណៈរដ្ឋមន្ត្រី។
សិក្ខាសាលានេះ គឺជាដំណាក់កាលចុងក្រោយនៃដំណើរការពិគ្រោះយោបល់ និងផ្ដល់ឱកាស សម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងការពិនិត្យ និងគាំទ្រដល់រចនាសម្ព័ន្ធរបស់ប្រព័ន្ធតាមដាន ស្ដីពីប្រព័ន្ធស្បៀងរបស់កម្ពុជា និងក្របខ័ណ្ឌសូចនាករពាក់ព័ន្ធនានា ដែលបានស្នើឡើង ក្រោយទទួលបាននូវធាតុចូលពីក្រសួងពាក់ព័ន្ធនានា។
សូមគូសបញ្ជាក់ថា ក្របខ័ណ្ឌសូចនាករតាមដានស្ដីពីប្រព័ន្ធស្បៀងកម្ពុជានេះ ត្រូវរៀបចំឡើងដោយមានការសហការគ្នារវាងក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងគំនិតផ្ដួចផ្ដើមរាប់ថយក្រោយស្ពីពីប្រព័ន្ធស្បៀង (Food System Countdown Initiative) ដែលដឹកនាំដោយអង្គភាព GAIN អង្គការ GIZ និងដៃគូអភិវឌ្ឍនានា។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង៖ (១)ពិនិត្យ និងអនុម័តក្របខ័ណ្ឌសូចនាករតាមដានស្ដីពីប្រព័ន្ធស្បៀងរបស់កម្ពុជា ដែលបានស្នើឡើង និងសូចនាករនានា ដែលបានរៀបចំឡើង តាមរយៈដំណើរការពិគ្រោះយោបល់បច្ចេកទេសដែលបានអនុវត្តរួច។ (២)បញ្ជាក់អំពីភាពស្របគ្នានៃក្របខ័ណ្ឌតាមដាននេះ ទៅនឹងអាទិភាពរបស់ជាតិ អាណត្តិការងារនៃក្រសួង ស្ថាប័នពាក់ព័ន្ធ និងតម្រូវការរាយការណ៍អំពីវឌ្ឍនភាពនៃការប្ដេជ្ញាចិត្តរបស់កម្ពុជានៅអន្តរជាតិ។ (៣)ពិនិត្យអំពីតួនាទីក្រសួង ស្ថាប័នពាក់ព័ន្ធ និងរៀបចំការងារសម្របសម្រួលសម្រាប់ការផលិតទិន្នន័យ ការរាយការណ៍ ការវិភាគ និងប្រើប្រាស់។ (៤)កំណត់រកឱកាសដើម្បីពង្រឹងការប្រើប្រាស់ព័ត៌មានស្ដីពីការតាមដានក្នុងដំណើរការធ្វើផែនការ ការរៀបចំថវិកា ការអនុវត្ត និងការពិនិត្យមើលគោលនយោបាយឡើងវិញ។ (៥)ពិភាក្សាជំហានបន្ទាប់សម្រាប់ការអភិវឌ្ឍផ្ទាំងគ្រប់គ្រងព័ត៌មាន ស្ដីពីប្រព័ន្ធស្បៀង និងសម្ភារៈសម្រាប់ផ្សព្វផ្សាយគោលនយោបាយពាក់ព័ន្ធ។ (៦)ឯកភាពលើសកម្មភាពអនុវត្តបន្ត និងការរៀបចំស្ថាប័នសម្រាប់ការកែលម្អដែលកើតមានជាបន្តបន្ទាប់នាពេលខាងមុខ និងសម្រាប់ប្រតិបត្តិការនៃក្របខ័ណ្ឌនេះ។
សូមជម្រាបផងដែរថា អ្នកចូលរួមមាន មកពីក្រុមការងារបច្ចេកទេសចម្រុះវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកបច្ចេកទេសមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សា និងអង្គការសង្គមស៊ីវិល។