ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការដឹកនាំគម្រោងបានដឹកនាំ កិច្ចប្រជុំប្រចាំខែ កក្កដា រវាងភាគីកម្ពុជា និងដៃគូរ ពីស្ថានទូតសហរដ្ឋអាមេរិក ដែលជួយឧបត្ថម្ភគាំទ្រថវិកា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំដើម្បី៖
-បង្ហាញអំពីរចនាសម្ព័ន្ធនិង តួនាទីភារកិច្ច នៃក្រុមការងារគ្រប់គ្រងគម្រោង និងតួនាទីភារកិច្ច នៃគណៈកម្មការនីមួយៗ។
-បង្ហាញអំពីអាទិភាពសំខាន់ៗ របស់អង្គភាពអនុវត្តនីមួយ និងផែនការថវិកា ដែលត្រូវអនុវត្ត ដេីម្បីឆ្លេីយតបទៅនឹង សកម្មភាព និងគោលដៅសំខាន់ៗ ដែលបានកំណត់ក្នុង MOU។
-ពិភាក្សា និងស្រាយបំភ្លឺបន្ថែម នូវចម្ងល់ផ្សេងៗ។
-និងការកំណត់ជំហានបន្ទាប់។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជ. ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជ. ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និង ឯកឧត្តម លោក លោកស្រី ប្រធាន អនុប្រធាន តំណាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង វិទ្យាស្ថានជាតិសុខភាពសាធារណៈ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (US-CDC)។