ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការជាតិទទួលបន្ទុកមហារីកមាត់ស្បូននៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការតម្រង់ទិសលើការអនុវត្តកម្មវិធីពិនិត្យរក និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូនក្រោមគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២។
គោលបំណងនៃកិច្ចប្រជុំ ដើម្បីតម្រង់ទិស និងសម្របសម្រួលការត្រៀមអនុវត្តការធ្វើសំណាកHPV ដោយខ្លួនឯងសម្រាប់ស្ត្រីក្នុងសហគមន៍ ព្រមទាំងពិភាក្សាលើផែនការបណ្តុះបណ្តាលបន្តបន្ទាប់ ដល់មន្រ្តីនៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ចំនួន៨ ស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងអ្នកទ្រទ្រង់សុខភាពភូមិ តាមកាលវិភាគដែលបានកំណត់។
លោកជំទាវសាស្រ្តាចារ្យ រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះមានសារៈសំខាន់ក្នុងការត្រៀមលក្ខណៈឱ្យបានរួចរាល់ សម្រាប់ការចាប់ផ្តើមអនុវត្តការធ្វើសំណាក HPV ដោយខ្លួនឯងសម្រាប់ស្ត្រីក្នុងសហគមន៍ ដែលមានអាយុចាប់ពី ៣០ឆ្នាំ ដល់៤៩ឆ្នាំ។ ជាមួយគ្នានេះផងដែរលោកជំទាវសាស្រ្តាចារ្យ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ បន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព សម្រេចបានគោលដៅកាត់បន្ថយជំងឺមហារីកមាត់ស្បូននៅកម្ពុជា។
កិច្ចប្រជុំនេះ រៀបចំដោយនាយកដ្ឋានការពារសុខភាព និងក្រុមការងារបច្ចេកទេសកម្មវិធីពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន ដោយមានការចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រី ជាគណៈកម្មការជាតិទទួលបន្ទុកមហារីកមាត់ស្បូននៅកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី អញ្ជើញមកពី មន្ទីរសុខាភិបាល និងការិយាល័យសុខាភិបាល ក្នុងខេត្តចំនួន ៨ មានដូចជា ខេត្តកណ្តាល កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ បាត់ដំបង ព្រះវិហារ សៀមរាប និងស្វាយរៀង ដែលមានអ្នកចូលរួម ១៨១ រូបតាមប្រព័ន្ធនិមិត្ត។