ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ល្ងាចថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទ សិក្ខាសាលាស្តីពី ការអភិវឌ្ឍគោលការណ៍ណែនាំស្តង់ដាសម្រាប់អាហារូបត្ថម្ភអ្នកជំងឺក្នុងមន្ទីរពេទ្យ។
សិក្ខាសាលានេះឆ្លុះបញ្ចាំងឱ្យឃើញពីតួនាទីយ៉ាងសំខាន់នៃអាហារូបត្ថម្ភ នៅក្នុងប្រព័ន្ធថែទាំសុខភាពរបស់យើង។ ផ្អែកលើការបង្ហាញទិន្នន័យជាក់ស្តែងថ្ងៃនេះ យើងបានសង្ខេតឃើញចំណុចសំខាន់ៗមួយចំនួនដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់រួមមាន៖ (១)បញ្ហាប្រឈមនៃកង្វះអាហារូបត្ថម្ភ គឺជាបញ្ហាដែលកើតមានទូទៅក្នុងមន្ទីរពេទ្យទូទាំងពិភពលោក ដែលអាចប៉ះពាល់ដល់អ្នកជំងឺច្រើន តែត្រូវបានគេមើលរំលង និងមិនទទួលបានការព្យាបាលដិតដល់នោះឡើយ (២)ផកវិបាកធ្ងន់ធ្ងរ អ្នកជំងឺដែលកង្វះអាហារូបត្ថម្ភ ត្រូវប្រឈមនិងការស្នាក់នៅមន្ទីរពេទ្យយូរជាងមុន (៣)ដំណោះស្រាយ និងប្រសិទ្ធភាពនៃអន្តរាគមន៍ អាហារូបត្ថម្ភពិតជាមានប្រសិទ្ធភាពក្នុងការលើកកម្ពស់សុខភាពអ្នកជំងឺ។ ការសិក្សាបានបង្ហាញថាការផ្តល់អាហារបំប៉ន (Oral Nutritional supplements-ONS) អាចជួយកាត់បន្ថយហានិភ័យនៃការស្លាប់ និងកាត់បន្ថយផលវិបាកធ្ងន់ធ្ងរ និង (៥)អត្ថប្រយោជន៏សេដ្ឋកិច្ចសុខាភិបាល ក្រៅពីជួយសង្រ្គោះជីវិត ការយកចិត្តទុកដាក់លើអាហារូបត្ថម្ភក៏ជួយសន្សំសំចៃថវិកាជាតិ និងថវិកាគ្រួសារផងដែរ ពោលគឺរាល់ការចំណាយ ១ដុល្លារលើចំណីអាហារអាចសន្សំសំចៃការចំណាយក្នុងមន្ទីរពេទ្យបានប្រមាណ ៥៣ដុល្លា (តាមរយៈការស្រាវជ្រាវថ្មីៗ)។
មុននឹងបញ្ចប់លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍គន្លឹះដល់អង្គសិក្ខាសាលា ដើម្បីដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព និងនិរន្តភាពយើងគួរតែរួមគ្នាអនុវត្តកម្មវិធីថែទាំអាហារូបត្ថម្ភតាមគម្រូដ៏សាមញ្ញល្អបំផុតដែលមាន៣ជំហាន៖ (១)Screening ធ្វើការពិនិត្យបឋមដើម្បីស្វែងរកអ្នកជំងឺទាំងអស់ដែលមានហានិភ័យកង្វះអាហារូបត្ថម្ភ (២)ការផ្តល់អាហារ អនុវត្តអន្តរាគមន៍ផ្នែក អាហារូបត្ថម្ភឱ្យបានរហ័ស និងបន្តតាមដានស្ថានភាពអ្នកជំងឺ និង(៣) ការតាមដាន បញ្ចូលការថែទាំអាហារូបត្ថម្ភនៅក្នុងគ្រប់ផែនការមុនពេលអ្នកជំងឺចេញពីមន្ទីរពេទ្យ ព្រមទាំងផ្តល់ការអប់រំអំពីសារៈសំខាន់នៃអាហារូបត្ថម្ភចំពោះការងើបឡើងវិញពីជំងឺ។
សិក្ខាសាលានេះមានការអញ្ចើញចូលរួមពីឯកឧត្តម លឹម តារារិទ្ធ ទីប្រឹក្សាសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា US-ASEAN Business Council លោកវេជ្ជបណ្ឌិត Jose Rodolfo V. Dimaano Jr. ប្រធានផ្នែកវេជ្ជសាស្ត្រប្រចាំអាស៊ីប៉ាស៊ីហ្វិកក្រុមហ៊ុន Abbott រួមជាមួយឯកកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោក លោកស្រី ភ្ញៀវកត្តិយសជាតិ និងអន្តរជាតិសរុបចំនួន២០០រូប។