Cambodia
ព័ត៌មានលំអិត

Image
បេសកកម្មជំរុញការអនុវត្តក្របខ័ណ្ឌ ជំរុញបង្កេីនការថែទាំសុខភាពបឋម (PHC-BIF) និងការរៀបចំផែនការអន្តរាគមន៍ថែទាំសុខភាពបឋម នៅស្រុកប្រតិបត្តិនៃខេត្តស្វាយរៀង។

ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០២៦

ខេត្តស្វាយរៀង៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា (ក.ជ.ថ.ស.ប ឬ PHC-BIF) ថ្នាក់ជាតិ បានចុះបំពេញបេសកកម្មការងារ PHC-BIF ជាក់ស្តែងនៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

បេសកកម្មនេះ ផ្ដោតសំខាន់លើការចុះពិនិត្យស្ថានភាពអនុវត្តជាក់ស្តែង នៅតាមមូលដ្ឋាន និងជំរុញការរៀបចំផែនការសកម្មភាព PHC-BIF ឱ្យបានសមស្របជាគំរូ សម្រាប់ស្រុកប្រតិបត្តិដែលបានសម្រេចដោយរដ្ឋបាលខេត្ត ឱ្យអនុវត្តក្របខ័ណ្ឌ PHC-BIF គំរូ (Model) នៅក្នុងភូមិសាស្ត្រស្រុកប្រតិបត្តិ (OD) ស្វាយរៀង។

ក្នុងដំណើរការចុះបំពេញការងារដ៏មានសារៈសំខាន់នេះ លោកជំទាវវេជ្ជបណ្ឌិត បានជួបសំណេះសំណាល ណែនាំការងារដែលត្រូវកែលម្អ ក្រោយពីបានពិនិត្យលេីវឌ្ឍនភាពការងាររបស់ស្រុក និងឃុំ ដែលបានចុះទៅដល់ ព្រមទាំងចូលរួមសង្តេតមេីល កិច្ចប្រជុំវាយតម្លៃវឌ្ឍនភាពការងារនៅតាមទីតាំងនីមួយៗ ចូលរួមផ្តល់អនុសាសន៍ណែនាំសំខាន់ និងចាំបាច់ ព្រមទាំងផ្តល់ការណែនាំដល់អង្គសិក្ខាសាលារៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម នៃដំណើរការរៀបរៀងរួមគ្នា សម្រាប់ស្រុកប្រតិបត្តិស្វាយរៀង នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង នាឱកាសបិទសិក្ខាសាលា ដោយមានការចូលរួមពីតំណាងមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ឯកឧត្ដមវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្ត  ឯកឧត្តម ញ៉ែម សារី អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ទទួលបន្ទុកវិស័យសុខាភិបាល តំណាងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តស្វាយរៀង អភិបាលស្រុក អភិបាលរងស្រុក តំណាងអង្គការសុខភាពពិភពលោក ព្រមទាំងអាជ្ញាធរមូលដ្ឋាន គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) ក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) និងតំណាងដៃគូសុខាភិបាលនានា។

លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសស្រុកប្រតិបត្តិស្វាយរៀង ដែលត្រូវបានជ្រើសរើសជាស្រុក ក្នុងការជំរុញការអនុវត្តក្របខ័ណ្ឌ PHC-BIF គំរូ ឱ្យលេចចេញជាលទ្ធផលនាឆ្នាំ២០២៨ ឱ្យស្របតាមត្រូវការនៅតាមមូលដ្ឋាន សំដៅលេីកកម្ពស់គុណភាពសេវានៅតាមមណ្ឌលសុខភាព និងជំរុញការចូលរួមពីបុគ្គល គ្រួសារ និងសហគមន៍ លេីការថែទាំសុខភាពផ្ទាល់ខ្លួន ជាពិសេសត្រូវដឹងពីតួលេខអ្នកលេីសម្ពាធឈាម ជាតិស្ករ និងជាតិខ្លាញ់ក្នុងឈាម ដែលជាប្រធានបទអប់រំសុខភាពថ្មីមួយទៀត ទន្ទឹមទៅនឹងការជំរុញ ការអនុវត្ត "តិចអំបិល តិចខ្លាញ់ តិចស្ករ"។ 

សូមបញ្ជាក់ផងដែរថា៖ ក្រុមបេសកកម្ម បានចុះពិនិត្យទីតាំងគោលដៅសំខាន់ៗជាច្រើន រួមមាន៖ មណ្ឌលសុខភាព ដូង សាលាឃុំ ដូង សាលាស្រុករមាសហែក មណ្ឌលសុខភាពមេសរថ្ងក សាលាស្រុកចន្ទ្រា មណ្ឌលសុខភាពថ្នាធ្នង់ ស្វាយរំពារ សង្ឃ័រ ស្វាយជ្រំ និងកិច្ចប្រជុំនៃសិក្ខាសាលារៀបចំផែនការ PHC-BIF គំរូ សម្រាប់ស្រុកប្រតិបត្តិស្វាយរៀង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image