ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០២៦
ខេត្តកំពង់ស្ពឺ៖ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០២ខែ កក្កដា ឆ្នាំ ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យមើលវឌ្ឍនភាព និងពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពចំនួន ១១ ក្នុងខេត្តកំពង់ស្ពឺ។
គោលបំណងនៃនៃបេសកកម្មនេះ គឺដើម្បីជំរុញការធ្វើឱ្យប្រសើរឡើងការបំរើសេវា និង គុណភាពសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព និងក្នុងសហគមន៍ ស្របតាមសេចក្តីណែនាំស្តីពី សំណុំសកម្មភាពអប្បបរមា សម្រាប់អភិវឌ្ឍន៍មណ្ឌលសុខភាព (MPA Guidelines) និងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម ( PHC-BIF)របស់ក្រសួងសុខាភិបាល។
គួរកត់សំគាល់ថា ក្នុងអំឡុងពេលនៃការពិនិត្យមើលការងារ និងការពិភាក្សាជាមួយមន្ត្រី បុគ្គលិក តំណាងមណ្ឌលសុខភាពនីមួយៗ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្តល់ព័ត៌មាន និងអនុសាសន៍ត្រឡប់ ជូនដល់មន្រ្តី បុគ្គលិកមណ្ឌលសុខភាព ត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាថែទាំសុខភាពជាអទិភាព ពិសេស សេវាជំងឺទូទៅ សេវាសុខភាពមាតា និងទារក ព្រមទាំងការចាក់ថ្នាំបង្ការ សេវាជំងឺមិនឆ្លង និងជំងឺឆ្លង ការរក្សាអនាម័យល្អ ព្រមទាំងការយកចិត្តទុកដាក់លើគុណភាពសេវា និងធានាអោយបាននូវការប្រចាំការសេវា២៤ ម៉ោង/២៤ ម៉ោង ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានថ្លែងការកោតសរសើរដល់ មន្ត្រី បុគ្គលិកមណ្ឌលសុខភាពទាំងអស់ ដែលយកចិត្តទុកដាក់ និងខិតខំបម្រើសេវាថែទាំសុខភាព ជូនប្រជាជននៅក្នុងតំបន់របស់ខ្លួនយ៉ាងល្អប្រសើរ។
សូមបញ្ជាក់ថា មណ្ឌលសុខភាពទាំង ១១ រួមមាន មណ្ឌលសុខភាពរលាំងសែន មណ្ឌលសុខភាពរលាំងចក មណ្ឌលសុខភាពក្រាំងស្គុះ មណ្ឌលសុខភាពច្បារធំ មណ្ឌលសុខភាពក្រាំងភ្នាយ មណ្ឌលសុខភាពវល្លិសរ មណ្ឌលសុខភាពព្រៃញាតិ មណ្ឌលសុខភាពពេជ្រមុនីទឹកល្អក់ មណ្ឌលសុខភាពរកាទេព មណ្ឌលសុខភាពដុំក្រវ៉ាន់ និងមណ្ឌលសុខភាពត្រពាំងគង។